ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ )៖ ចោរលួចទូរស័ព្ទដៃម្នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួន តាមពាក្យបណ្តឹងឈ្មោះ ឃុត ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉េត ញូ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា នៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន០២គ្រឿង ម៉ាក Iphone12_pro_max ពណ៌មាសចំនួន ០១គ្រឿង និងទូរស័ព្ទម៉ាក Iphone12 មួយគ្រឿង ខណៈដែលជនរងគ្រោះកំពុងសាក ហើយដេកលក់។ក្រោយឃាត់ខ្លួន សួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះខាងលើចំនួន០២គ្រឿងពិតប្រាកដមែន។ ដោយផ្អែកលើបណ្ដឹងនិងចម្លើយសារភាព ព្រមទាំងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកទូរស័ព្ទត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕