ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៖ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានប្រែក្លាយស្រុកម៉ាឡៃ ដែលជាអតីតតំបន់សមរភូមិសង្គ្រាម មកជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច
ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងពីធីសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា ជាង២៥០០នាក់ នៅភូមិក្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃទី១៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋស្រុកម៉ាឡៃដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើន និងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារតែមួយ។
ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយស្រុកម៉ាឡៃដែលអតីតកាលជាតំបន់សមរភូមិសង្គ្រាម ហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងស្រុកខ្ទេចខ្ទាំ មកធ្វើការអភិវឌ្ឍ និងប្រែក្លាយតំបន់ជាតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច។ បច្ចុប្បន្នស្រុកម៉ាឡៃបានក្លាយជាប៉ូលសេដ្ឋកិច្ចមួយ នៃប៉ូលសេដ្ឋកិច្ចនានាក្នុងខេត្តបន្ទាយមានជ័យ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ព្រំដែនកម្ពុជា-ថៃ ងាយស្រួលធ្វើដំណើរ និងបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនក្នុងស្រុក ដោះដូរកសិផលនានា និងទេសចរណ៍ផងដែរ។
ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕