ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអគុណចំពោះប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគ្រប់សម័យកាលបោះឆ្នោត
ខេត្តបន្ទាយមានជ័យ ៖ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិក –សមាជិការគណបក្សប្រជាជនកម្ពុជា ជាង២៥០០នាក់ នៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ចំថ្ងៃទី១៨នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋស្រុកស្វាយចេក ដែលបានផ្តល់ជំនឿជឿជាក់គាំទ្រលើគោលមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់សម័យកាលបោះឆ្នោត និងសូមបន្តដើម្បីបន្តកសាង និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើននិងសូមស្វាគមន៍បងប្អូនក្មួយៗ ដែលមាននិន្នាការគណបក្សនយោបាយផ្សេងៗទៀត ដែលបានមកចូលរួមគាំទ្រ និងរួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារតែមួយ ។
ក្នុងនោះឯកឧត្តម បានបន្តថា ជាង៤៤ឆ្នាំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ កសាងបាននូវការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ និងសុខដុមនីយកម្មជូនជាតិរួមសុខរួមទុក្ខជាមួយប្រជាជន ខិតខំប្រឹងប្រែងរួមគ្នាជំនះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តដោយបាននាំប្រទេសជាតិឲ្យចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ពីហេដ្ឋារចនាសម្ព័ន្ធប្រទេសត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីពេញលេញ និងលើកកិត្យានុភាពជាតិខ្ពស់កាន់តែល្បីរន្ទឺស្ញប់ស្ញែងនៅក្នុងតំបន់និងសកលលោកគួរជាទីមោទនៈ។
ជាមួយនឹងការស្ម័គ្របម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវសមាជិក ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕