សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះមនុស្សធម៌ ជូនដល់គ្រួសារក្រីក្រដែលសម្រាលកូនភ្លោះចំនួនបីនាក់ នៅស្រុកព្រះនេព្រះ
ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យមើលឃើញពីភាពខ្វះខាតជំរកស្នាក់នៅ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារក្រីក្រ ដែលសម្រាលកូនភ្លោះចំនួនបីនាក់ ឈ្មោះ ធីវ ធុច អាយុ ៣៧ឆ្នាំ ជាគ្រួសារមួយរស់នៅក្នុងភាពក្រីក្រមានកូនច្រើនសរុបចំនួន ៦នាក់ និងមានមុខរបរជាកម្មករ។
លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ដោយពិនិត្យឃើញថា គ្រួសារមួយនេះមានលក្ខណៈសម្បត្តិស្របតាមលក្ខណៈដែលសាខាបានកំណត់ គឺជាគ្រួសារក្រីក្រពិតប្រាកដ និងកូនច្រើនថែមទៀតរស់នៅក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេព្រះ ដោយផ្ទះមួយខ្នងនេះមានទំហំ ៤គុណ ៦ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបផ្ទាល់ដី ជំនួយឧបត្ថម្ភពីសាខាកាកបាទក្រហមអស់ថវិកាសរុបចំនួន ២០៧២ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបានរៀបចំបន្ទប់ទឹកបន្ថែមទៀតកំពុងសាងសង់។ធ្វើពិធីប្រគល់ផ្ទះនេះបានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់សម្ភារអំណោយដែលជាផ្ទះសម្បែងដោយសាខាកាកបាទក្រហមប្រគល់ជូននាពេលនេះ គឺបានមកពីការចូលរួមលើវិស័យមនុស្សធម៌ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ាអស់លោក លោកស្រី សប្បុរសជនជិត ឆ្ងាយព្រមទាំងព្រះសង្ឃផងដែរ ទើបសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពជួយដល់បងប្អូនទីក្រគ្មានទីពឹង ជនរងគ្រោះងាយរងគ្រោះដោយគ្រោះធម្មជាតិជាដើម។ហើយការផ្ដល់នូវអំណោយមនុស្សធម៌នេះ គឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬ និន្នាការនយោបាយអ្វីនោះឡើយ។ហើយក្រៅពីការ ប្រគល់ផ្ទះ សាខាកាកបាទក្រហម ក៏បានផ្ដល់ជូននូវអំណោយបន្ថែមទៀតរួមានៈអង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ធុង ១ ,កន្ទេល ១ ,មុង ១ ,សារ៉ុង ១ ,ក្រមា ១,ចានស្លាបព្រា និងថវិកាបន្ថែមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី។ជាមួយគ្នានោះលោក ឃូ ពៅ ដែលជាអភិបាលស្រុកព្រះនេត្រព្រះ ក៏បានឧបត្ថមជា អង្ករសម្រាប់រយៈពេលបីខែបន្ទាប់ទៀតផងដែរ ៕