ចោរលួចម៉ូតូ ១នាក់ ក្នុងចំណោម២នាក់ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៩និង០០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តឹងរបស់ឈ្មោះ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា ZOOMER- X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង លុះព្រឹកឡើង ជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែ ទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃចងភ្ជាប់នឹងទ្វារ ហើយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ ពេលបើកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើយ៕