ចោលួចម៉ូតូ នៅក្នុងក្រុងប៉ោយប៉ែតម្នាក់ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឆាន់ សុខចាន់ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងករណីលួចម៉ូតូ ពីរករណីនៅក្នុងក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ន ប៊ុនធឿន (ហៅខូច) ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។វត្ថុតាងចាប់បានរួមមាន
១–ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-6042 ចំនួន០១គ្រឿង(ប្រគល់ជូនម្ចាស់ដើមវិញ)។
២.ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម) ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋចំនួន២លើក ដោយលើកទី១ – នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី ជនសង្ស័យបានលួចម៉ូតូ របស់ប្រជាពលរដ្ឋម្នាក់ នៅចំណុចផ្សារយួន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លើកទី២ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង ៣០នាទី បានលួចម៉ូតូមួយគ្រឿងទៀត នៅចំណុចភូមិក្បាល ស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់ ពីឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ២លើកពិតប្រាកដមែន។ ក្រោយលួចបានខ្លួនយកម៉ូតូទៅបញ្ចាំ ដើម្បីយកលុយលេងល្បែង និងទិញគ្រឿងញៀនយកមកប្រើប្រាស់ តែមិនទាន់បានបញ្ចាំផង ក៏ត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។
ជនសង្ស័យ បានសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើករួចមកហើយ ដោយពាក់ព័ន្ធករណី លួចចំនួន០២លើក និងករណីគ្រឿងញៀន ចំនួន០១លើក។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា សង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកវត្ថុតាង ម៉ូតូ មួយគ្រឿង ត្រូវបានកម្លាំងកងរាជអាវុហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ រីឯមួយគ្រឿងទៀត សម្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដើម៕