ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌបឹងកេងកង បណ្តាលឲ្យមនុស្សម្នាក់រងរបួស និងខូចខាតសម្ភារៈមួយចំនួន
រាជធានីភ្នំពេញ៖ មនុស្សម្នាក់រងរបួស និងសម្ភារៈមួយចំនួនរងការខូចខាត ដោយសារគ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង និងរាលដាលដល់ផ្ទះអ្នកក្បែរខាង សំណាងហើយបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ មិនបណ្តាលឲ្យរាលដាលច្រើន។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០១និង២៥នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ១២Eo ផ្លូវ៣១៨ ក្រុម១៩ ភូមិ០៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋភ្លាមៗ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរជួយអន្តរាគមន៍។ដោយសារតែទីតាំងឆាបឆេះ គឺនៅផ្នែកខាងមុខផ្ទះ ហើយពិបាកចូលទៅដល់ក្នុង ព្រោះស្ថានភាពខាងក្នុងផ្ទះឆេះខ្លាំង ដោយសារតែក្នុងផ្ទះមានសារធាតុងាយឆាបឆេះខ្លាំង ហើយពិបាកចូលទៅក្នុង ដើម្បីធ្វើការជួយសង្គ្រោះ។ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជាទៅកម្លាំងសមត្ថកិច្ចធ្វើការពាក់នៅបំពង់ខ្យល់អ៊ុកស៊ីនសែន ហៅកាត់ថា SCBA ដើម្បីធ្វើការទៅជួយសង្គ្រោះមនុស្សដែលបានជាប់នៅក្នុងផ្ទះនោះយកចេញមកក្រៅ និងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរព្រះកុសុម: ហៅមន្ទីរពេទ្យលោកសង្ឃ។ ទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចជំនាញនៅតែបន្តយកចិត្តទុកដាក់ ក្នុងការអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់១៣ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ទើបគ្រប់គ្រងស្ថានការបាននៅវេលាម៉ោង ០២និង២៥នាទីយប់រំលងអាធ្រាត ក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសស្រាល រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះសម្ភារៈជាន់ផ្ទាល់ដីអស់មួយចំនួន រួមមាន ម៉ូតូចំនួន០២គ្រឿង រថយន្ត Toyota Vitz ចំនួន០១គ្រឿង (ខូចខាតប្រហែល ៥០%) សង់អំពីថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ១៦ម៉ែត្រ) នឹងឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងខូចខាតសម្ភារៈប្រហែល ១០%ផងដែរ៕