ចោរលួចម៉ូតូកង់បី នៅក្រុងប៉ោយប៉ែត ម្នាក់ ត្រូវអាវុធហត្ថ ចាប់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សេង សូនី ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងចាប់បាន ម៉ូតូកង់បីឥណ្ឌា (PASSAPP) ម៉ាក BAJAJREMAXIMAZ ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AM-9890។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា នៅវេលាកើតហេតុជនរងគ្រោះបានចតម៉ូតូកង់បីមុខបន្ទប់ជួល រួចទៅសម្រាក លុះព្រឹកឡើងចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូក៏ផ្អើលឆោឡោ និងបានឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ ហើយជិះចេញទៅបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
ក្រោយការឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ហើយកន្លងទៅខ្លួនធ្លាប់បានជាប់ពន្ធនាគារចំនួន០១លើកផងដែរ ពាក់ព័ន្ធករណីលួច នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០២១។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជូនជនសង្ស័យ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ។ ចំណែកម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕