អាជ្ញាធរសង្កាត់ប៉ោយប៉ែត ចាប់ផ្តើមយកគ្រឿងចក្រ និងរថយន្តដឹកថ្មម៉ិច ចាក់កៀកិន បន្ថែមកម្រាស់បេតុងពីលើបេតុងចាស់ ដើម្បីបញ្ចៀសការដក់ទឹក ជន់លិច ងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរ
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវ ចំណុចខាងមុខវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសារផ្លូវមួយខ្សែនេះទាបជាងគេ នៅពេលភ្លៀងម្ដងៗទាំងរដូវវស្សា និងរដូវប្រាំងតែងតែជន់លិច មិនងាយនឹងស្រក ហើយទឹកខ្មៅស្អុយ អាចបង្កឲ្យប៉ះពាល់ដល់សុខភាពទៀតផងនោះ ក្រោមការចង្អុលបង្ហាញពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងមានការណែនាំពីលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ និងលោក ភាង សុម៉ារ៉ា មេភូមិបាលិលេយ្យ ១ បានដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍សង្កាត់ ចុះរៀបចំកៀកិនចាក់ថ្មម៉ិច ដើម្បីបន្តចាក់បេតុងពីលើបេតុចាស់បន្ថែមពីលើទៀត។
ពាក់ព័ន្ធករណីខាងលើនេះលោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ បានឱ្យដឹងថា ក្រុមការងាររបស់សង្កាត់កំពុងមមាញឹកក្នុងការចុះស្ដារ និងដាក់ប្រព័ន្ធលូ ជួសជុលផ្លូវដែលរងការខូចខាត ពិសេសចំណុចដែលជួបការលំបាកជាងគេដូចជាទឹកងាយជន់លិច ហើយមិនងាយស្រក់ជាដើម ដោយចុះធ្វើបណ្ដើរៗតាមដំណាក់កាល កន្លែងសំខាន់ៗជាមុនសិន ជាក់ស្ដែងដូចជាកន្លែងដែលកំពុងតែធ្វើនេះជាដើមមានការខូចខ្លះៗ ដោយសារតែផ្លូវនេះធ្វើយូរមកហើយដែរ គិតមកដល់បច្ចុប្បន្នប្រមាណ២០ឆ្នាំផ្លាយទៅហើយ ម្យ៉ាងវិញទៀតក៏ទាបជាងគេទៀតផងជាហេតុធ្វើឲ្យងាយជន់លិច។
ដោយឡែកលោក ភាង សុម៉ារ៉ា មេភូមិបាលិសេយ្យ ១ បានឲ្យដឹងដែរថា សម្រាប់ផ្លូវមួយខ្សែស្ថិតនៅក្នុងមូលដ្ឋានរបស់លោក ដែលកំពុងចាក់ថ្មម៉ិច រួចបន្តចាក់បេតុងបន្ថែមកម្រាស់ពីលើបេតុងចាស់នេះ ជាថវិការរបស់ប្រជាពលរដ្ឋ សង្កាត់ និងភូមិ ដោយធ្វើការកៀកិនថ្មម៉ិច កំរាស់ ៣តឹក ដើម្បីចាក់បេតុង កម្រាស់១.៥តឹកពីលើ ដែលមានប្រវែង១៧៣ម៉ែត្រ ទទឹង ៥ម៉ែត្រ ។ជាមួយគ្នានោះដែរប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្តជាខ្លាំងដែលអាជ្ញាធរក្រុង សង្កាត់ ភូមិ ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ពួកគាត់ ៕