អាវុធហត្ថ បញ្ជូនខ្លួនមេខ្យល់នាំពលករឆ្លងដែនម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ពាក់ព័ន្ធករណីនាំពលករឆ្លងដែនចូលទឹកដីថៃ។នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ក៏ស្រាប់តែប្រទះឃើញមានរថយន្ត០១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រីចំនួន១៣នាក់ក្នុងនោះមានស្រ្តីចំនួន០៥នាក់ផងដែរ ។ដោយមានការសង្ស័យកម្លាំងក៏ធ្វើការឃាត់យកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីធ្វើការសួរនាំ ។
ក្រោយពីកម្លាំងជំនាញសាកសួរពលករទាំង១៣នាក់នោះបានឲ្យដឹងថា ពួកខ្លួនមកពីបណ្ដាខេត្តផ្សេងៗគ្នា ហើយបានទំនាក់ទំនងមេខ្យល់ជាអ្នកបើករថយន្ត ដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ។ចំណែកមេខ្យល់ឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ បានឆ្លើយសារភាពថា រូបគេពិតជាបានទទួលដឹកពលករដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន ។ដោយផ្អែកលើការរៀបរាប់របស់ពលករទាំង១៣នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
ចំណែកពលករត្រូវបានបញ្ជូនទៅធ្វើតេស្តរហ័សនៅមណ្ឌលសុខភាពស្រុម៉ាឡៃ ដើម្បីរកមេរោគកូវីដ-១៩ បើសិនអវិជ្ជមានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមាន ត្រូវនៅសម្រាកព្យាបាលសិន ៕