មន្ទីរសាធារណ:ការខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត សហការជាមួយសង្កាត់អូរជ្រៅ និង សង្កាត់ប៉ោយប៉ែត ចុះសិក្សាវាស់វែង ដើម្បីដាក់ប្រព័ន្ធលូប្រអប់រំដោះទឹកភ្លៀង
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ទីរសាធារណ:ការខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត សហការជាមួយសង្កាត់ចំនួនពីរ ដោយរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំដោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត នឹក លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១ សង្កាត់ប៉ោយប៉ែត នឹងរដ្ឋបាលសង្កាត់អូរជ្រៅ ដឹកនាំដោយ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ នឹងលោក គ្រុយ គឹមលន ចៅសង្កាត់រងទី ១ នឹងលោក តាំង លីហេង សមាជិក ក្រុមប្រឹក្សា សង្កាត់អូរជ្រៅ បានចុះធ្វើការសិក្សាវាស់វែង ដើម្បីដាក់ប្រព័ន្ធលូប្រអប់រំដោះទឹកភ្លៀងទំហំ២ម៉ែត្រ គុណ២ម៉ែត្រ ជាង៣,០០០ ម៉ែត្រ ដោយចាប់ពីផ្លូវខាងកើតវត្តត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ រហូតដល់ផ្លូវសហព័ន្ធកែង(ផ្លូវស្តង់តាងួន)ប្រវែង ២,១៥០ម៉ែត្រ និងចាប់ពីផ្លូវស្តង់តាងួនកែងផ្លូវ០១៦ រហូតដល់ផ្លូវជាតិលេខ៥ ប្រវែង៩៤១ម៉ែត្រ ជាគម្រោងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលនឹងចុះអនុវត្តនាពេលឆាប់ខាងមុខនេះ ។នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងប៉ោយប៉ែត។
គម្រោងមួយនេះនឹងអាចរំដោះទឹកភ្លៀងដែលតែងតែជន់លិចផ្លូវចំណុចមុខអនុវិទ្យាល័យព្រហ្មនិមិត្ត ផ្លូវ០១៦ និងផ្លូវវត្តថ្មីឲ្យលែងជន់លិចតទៅទៀតនាពេលអនុវត្តគម្រោងរួចរាល់ ហើយក្នុងនាមរដ្ឋបាលក្រុងសង្ឃឹមជឿជាក់ថា បងប្អូនដែលរស់នៅសងខាងផ្លូវទទួលផលពីគម្រោងមួយនេះ នឹងយកចិត្តទុកដាក់ចូលរួមសហការជាមួយអាជ្ញាធរក្នុងស្មារតីអភិវឌ្ឍន៍ក្រុងប៉ោយប៉ែតឲ្យរីកចម្រើន៕