ជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងសិរីសោភ័ណ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមនឹងដកហូតវត្ថុតាងថ្នាំញៀនគ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៦៤ក្រាម,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង (Nokia ចុចពិលពណ៌ខ្មៅ, ម៉ាក Happy ពណ៌ខ្មៅ),កូនថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យទី១–ឈ្មោះ ឈុត ឈាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅប (ជួញដូរ និងប្រើប្រាស់) និងទី២–ឈ្មោះ ឈុត ដូច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជួញដូរ និងប្រើប្រាស់)។ជនសង្ស័យទាំង២នេះ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងចែកចាយគ្រឿងញៀននៅចំណុចខាងលើ លោកបានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងតែថ្លឹង និងវេចខ្ចប់គ្រឿងញៀន និងជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ឈុត ដូច កំពុងតែប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្តង។ ក្រោយឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឈុត ឈាន បានសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕