ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់សរុបចំនួន ៣១ខ្នង នៅស្រុកថ្មពួក
(បន្ទាយមានជ័យ)៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយអនុសេនីយ៍ឯក ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ នាំយកស័ង្កសី ដែលជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ជួយជួសជុល រុះរើរៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ៣១ខ្នង ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាថ្នាក់លើ ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដេនខ្មែរ–ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕