សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សាងសង់ផ្ទះមួយខ្នង ជូនប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ ដែលមានជីវភាពក្រីក្រ ប្រភពចំណូលពឹងលើកូនស៊ីឈ្នួលគេ និងមានជំងឺប្រចាំកាយ
ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យឃើញជាក់ស្ដែងពីភាពក្រីក្រខ្វះជំរក ១គ្រួសារស្ថិតក្នុងភូមិអង្គាបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនោះ ក្រុមប្រតិប័តសាខាកាកបាទក្រហមខេត្ត បានចុះធ្វើការប៉ាន់ប្រមាណរបស់គ្រួសារលោកស្រីឈ្មោះ ហឿន តឿ អាយុ ៤៩ឆ្នាំ រស់នៅក្នុងសភាពក្រីក្រមិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើកូនប្រុសស៊ីឈ្នួលគេ មានសមាជិកគ្រួសាររស់នៅ ៣នាក់ ស្រី ១នាក់ ក្នុងនោះប្ដីមានជំងឺប្រចាំកាយរស់នៅក្នុងស្ថានភាពជរាពិកានោះ សាខាកាកបាទក្រហម បានសម្រេចសាងសង់ផ្ទះមួយខ្នងដែលមានទំហំបណ្ដោយ ៦ ម៉ែត្រ ទទឹង ៤ ម៉ែត្រកម្ពស់ ៣,៨ ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី បាទចាក់ស៊ីម៉ង់ (សាប) ផ្ទះទៀមនិងបង្គន់អនាម័យផ្នែកក្រោម ដោយបានចំណាយអស់ថវិកាសរុបចំនួន ២,២៨៦.៧០ ដុល្លារសហរដ្ឋអាមេរិក មូលនិធិសាខា ១០០% ត្រូវបានធ្វើពិធីប្រគល់ជូននារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងលោកជំទាវ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការផ្ដល់ផ្ទះមនុស្សធម៌របស់កាកបាទក្រហមខេត្តនាពេលនេះ គឺជាផ្ទះមនុស្សធម៌ទី ១១ ដែលបានធ្វើការចែកជូនប្រជាពលរដ្ឋទីទាល់ក្រក្នុងខេត្ត ទោះបីផ្ទះមានលក្ខណៈតូចក៏ពិតមែនតែមានលក្ខណៈសមរម្យរឹងមាំ អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកំរិត ក្នុងការស្នាក់នៅប្រចាំថ្ងៃ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅនេះ គឺពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌យ៉ាងពិតប្រាកដរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំនោះ។ក្រៅពីប្រគល់ផ្ទះក៏មានអំណោយបន្ថែមមួយចំនួនរួមមាន៖អង្ករ ៥០ គីឡូក្រាម ,ត្រីខ ១យួរ, មី ១កេះតូច ,ទឹកត្រី ១យួរ ,ធុងទឹកជ័រ ៦០ លីត្រ ១ធុង ,កន្ទេរជ័រ ២ផ្ទាំង, ឆ្នាំង ២ ,ចានបាយ ៥ ,ស្លាបព្រា ៥, មុង ១ ,ភួយ ១ ,សារុង ១ ,ក្រមា ១ ,សាប៊ូដុសមុខ ១ដុំ ,ស្និតសិតសក់ ១ ,ថ្នាំដុសធ្មេញ ១ដប ,ច្រាសដុសធ្មេញ ១ដើម ,ម្សៅលាបខ្លួន ១ដបផងដែរ៕