កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី«»ឆបោក
(បន្ទាយមានជ័យ )៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការរបស់តុលាការខេត្តបន្ទាយមានជ័យ ករណី«ឆបោក» (តាមប្រព័ន្ធហ្វេស ប៊ុក) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្ដឹងឈ្មោះ ស៊ិន រ៉ាស៊ី ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សូ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ វត្ថុតាងចាប់យករួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ សូ សុផាត លេខ040075791(01) ចំនួន ០១សន្លឹក។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកឈ្មោះ Eh Ma បង្ហោះលក់ទូរស័ព្ទ ម៉ាក Iphone 14pro max លើបណ្ដាញហ្វេសប៊ុក ពេលនោះជនរងគ្រោះមានការចាប់អារម្មណ៍ ក៏បានឆាតទំនាក់ទំនងទិញទូរស័ព្ទ ក្នុងតម្លៃ ៧៨០$ដុល្លារ ដោយជនរងគ្រោះបានវេរប្រាក់តាមរយៈភ្នាក់ងារ វីង ឱ្យទៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma តាមរយៈលេខទូរស័ព្ទ ០៦៧ ៧២៧ ០៣៥ និងបានថត វិក័យប័ត្រក្រដាសវីង ផ្ញើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ក្រោយមកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma បានប្រាប់ថា រូបគេឈប់លក់ទូរស័ព្ទក្នុងតម្លៃ៧៨០$ដុល្លារហើយ គឺលក់ក្នុងតម្លៃ៨៨០$ដុល្លារ ដោយឱ្យជនរងគ្រោះ វេលុយឱ្យរូបគេបន្ថែមចំនួន១០០$ បន្ថែមទៀត ទើបជនរងគ្រោះមានការសង្ស័យ ក៏បានប្រកែកតវ៉ាមិនព្រម ជនរងគ្រោះ ឱ្យជនសង្ស័យផ្ញើលុយចំនួន៧៨០$ ត្រឡប់មកឱ្យខ្លួនវិញ។ កន្លងហួសច្រើនថ្ងៃនៅតែមិនឃើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Eh Ma វេលុយមកឱ្យខ្លួនវិញ ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតកោះហៅជនសង្ស័យដើម្បីចូលខ្លួនបំភ្លឺ តែជនសង្ស័យមិនព្រមចូលខ្លួនតាមការកោះហៅ ទើបអយ្យការ អមសាលាដំបូងខេត្ត ចេញដីការបញ្ជាឱ្យចូលខ្លួន របស់ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ហើយនាំមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យ បានឆ្លើយបដិសធ មិនទទួលស្គាល់កំហុស។ បន្ទាប់មកកម្លាំង មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣នេះ៕