ជនសង្ស័យ ៣នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងសិរីសោភ័ណ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ )៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចចម្ការ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់
១–ឈ្មោះ សុដា ផល្លា ហៅក្តាម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក បច្ចុប្បន្នរស់នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់)។
២–ឈ្មោះ សារ៉ូ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ (ជួញដូរ និងប្រើប្រាស់)។
៣–ឈ្មោះ ផា សុផល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។ វត្ថុតាងចាប់បានរួមមាន ៖គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៩០ក្រាម (មួយក្បៀសកៅសិបក្រាម), ម៉ូតូ ចំនួន ០២គ្រឿង,ទូរស័ព្ទ ចំនួន ០២គ្រឿង។ ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ ទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕