មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ វរសេនាតូចថ្មើរជើងលេខ៥១១»
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃសុក្រ ៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ដែលកំពុងឈរជើងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា–ថៃ។
អញ្ជើញចូលរួមនាឱកាសនោះមាន ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ និងលោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពល។
លោកមេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនិមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាពវរសេនាតូចថ្មើរើងលេខ៥១១ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្រៅពីនោះ បានចូលរួមបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការឱ្យអង្គភាពបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបង្កើតផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាជួយកសាងក្នុងអង្គភាព៕