រថយន្តប្រភេទហ៊ីយិនដាយលីប្រូ ដឹកទំនិញលើសទម្ងន់ បណ្តាលឲ្យដាច់ជាពីរកំណាត់ នៅលើផ្លូវបេតុង ក្នុងសង្កាត់អូរឬស្សី នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖សំណាងហើយដែលមិនបង្កឲ្យអ្នកដ៏ទៃរងគ្រោះថ្នាក់ រថយន្តប្រភេទហ៊ីយិនដាយលីប្រូ ដឹកទំនិញលើសទម្ងន់បណ្តាលបាក់ពីរកំណាត់ បង្កការភ្ញាក់ផ្អើលកាលពីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិដើមចាន់គីរី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលកើតឡើង គេបានឃើញរថយន្តហ៊ីយិនដាយ លីប្រូ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-8863 ដឹកទំនិញ ពេញប្រៀបបើកបរតាមផ្លូវបំបែកជាបួនលុះមកដល់ចំណុចកើតហេតុខាងលើ បត់មកលិចបណ្តាលរថយន្តបាក់ពីរកំណាត់ចំពាក់កណ្តាល សំណាងហើយមិនមានអ្នកគ្រោះថ្នាក់។
ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យរថយន្តប្រភេទហ៊ីយិនដាយលីប្រូ បាក់ជាពីកំណាត់បែបនេះ អាចមកពីកែឆ្នៃខុសស្តង់ដា និងដឹកទំនិញលើសទម្ងន់។ក្រោយពីកើតហេតុគេបានឃើញម្ចាស់រថយន្តបានយករថយន្ត១គ្រឿងផ្សេងទៀត និងម៉ូតូកងបីមកសាងយកទំនិញផងដែរ។ពាក់ព័ន្ធករណីនេះប្រភពបានបង្ហើបថា ទំនិញដែលដឹកតាមរថយន្តហ៊ីយិនដាយលីប្រូនេះទំនងអាចដឹកចេញពីច្រករបៀង តាមព្រំដែនចូលមកក្រុងប៉ោយប៉ែត៕