ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ស្នើឲ្យប្រជាពរដ្ឋដែលកំពុងរស់នៅ និងកាន់កាប់លើដីមានទំនាស់ដ៏រ៉ាំរ៉ៃ នៅអាគារថ្មី សង្កាត់អូរជ្រៅ កុំស្តាប់តាមការញុះញុងពីអ្នកដ៏ទៃ ត្រូវជឿជាក់លើការដោះស្រាយក្រៅប្រព័ន្ធតុលាការឈ្នះឈ្នះទាំងអស់គ្នា របស់ឯកឧត្តម និងអាជ្ញាធរ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីប្រជាពលរដ្ឋលើកគ្នាតវ៉ា ស្នើសុំការអន្តរាគមពីថ្នាក់ដឹកនាំ ពិសេសប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះផ្សព្វផ្សាយលិខិតជូនដំណឹង ស្តីពីការអនុវត្តដោយស្ម័គ្រចិត្ត លេខ ០៨១ លជណ.អ.ជ/២៣ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តបន្ទាយមានជ័យនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានការចាត់តាំងពីសម្តេចតេជោ ហ៊ុន សែន នាយករមន្ត្រីនៃកម្ពុជា បានដឹកនាំក្រុមការងារ ចុះដោះស្រាយ និងបើកកិច្ចប្រជុំបន្ទាន់ជាមួយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធភ្លាមៗ ដើម្បីពិនិត្យ នូវសាច់រឿង ដំណើរឿង និងការប្រព្រឹត្តទៅនៃរឿង ជាលទ្ធផលក្រុមការការងារក្តាប់បានមួយចំនួនធំហើយនៅក្នុងម៉ោងនេះ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ចំនួន១២៣គ្រួសារ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នៅចំណុចអាគារថ្មី ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលពួកគាត់រស់នៅ កាន់កាប់ អាស្រ័យផលជាង១០ឆ្នាំមកហើយនោះ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាល នៃអគណៈអភិបាលក្រុងប៉ោយប៉ែត អាជ្ញាសាលានៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក តឹង សុភឿត ប្រធាន ភូមិបាលក្រុង និងអាជ្ញាធរមូលដ្ឋានផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងដល់បងប្អូនមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនៅក្នុងសាច់រឿងនេះ នៅក្នុងតំបន់ខាងលើនេះ ដើម្បីឲ្យយើងមានមូលដ្ឋាននៅក្នុងដៃ និងសូមឲ្យបងប្អូនជឿជាក់លើការដោយស្រាយគោលនយោបាយឈ្នះឈ្នះ ក្រៅប្រព័ន្ធតុលាការ របស់ក្រុមការងារសម្តេចតេជោ ដែលមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះជាប់ជាមួយបងប្អូន តែពេលនេះសូមឲ្យបងប្អូនរក្សារភាពស្ងប់ស្ងាត់ កុំស្តាប់ការញុះញុងពីជនណាម្នាក់ជាដាច់ខាត ត្រូវធ្វើអត្តសញ្ញាណកម្មជាមួយក្រុមការងារជំនាញជាមុនសិន ដើម្បីក្រុមការងារងាយស្រួល និងឆាប់បានបន្តដំណើរការឆ្ពោះទៅកាន់ការដោះស្រាយបញ្ចប់ជាស្ថាពរ ។
ហើយម្យ៉ាងវិញទៀតសូមឲ្យបងប្អូន ត្រូវបង្កើតតំណាងឲ្យបានច្បាស់លាស់យ៉ាងច្រើន ១០នាក់ បើតិច ៣នាក់ ជៀសវាងមានបញ្ហាពេលក្រោយ ដើម្បីចូលរួមដោះស្រាយគ្នា ពិសេសជាងនេះទៅទៀតសូមប្រមូលឯកសារពាក់ព័ន្ធ ទិញ លក់ទាំងអស់ ទៅជូបជាមួយក្រុមការងាររដ្ឋបាល និងភូមិបាលក្រុង ដើម្បីចុះឈ្មោះ និងធ្វើការវាស់វែងជាក់ស្តែង ព្រមទាំងcopy ឬថតចម្លងឯកសារពាក់ព័ន្ធកន្លែងតំបន់ដីដែលកំពុងមានទំនាស់នោះ ដែលបងប្អូនមាន ត្រៀមទុកនៅក្នុងដៃឲ្យហើយ ដើម្បីជាភស្តុតាង និងឲ្យមានស្ថានទម្ងន់ ។នៅក្រោយពេលដែលឯកឧត្តម បើកកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ នឹងភាគីម្ខាងទៀតហើយនោះ យើងនឹងធ្វើការតទល់គ្នាតែម្ដង ដើម្បីរកដំណោះស្រាយមួយគឺឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបញ្ចប់វិវាទទាំងនេះដោយភាពរលូន និងញញឹមដាក់គ្នា ។ទន្ទឹមនោះបងប្អូនប្រជាពលរដ្ឋបានសម្តែងការស្វាគមន៍ ចំពោះវត្តមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលបានចុះមកពិនិត្យ និងស្វែងរកដំណោះស្រាយតាមបែបឈ្នះឈ្នះ ក្រៅប្រព័ន្ធតុលាការ តាមការចាត់តាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផងដែរ៕