អាវុធហត្ថចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ករណីលួចម៉ូតូនៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៦ និង៣៧នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។តាមពាក្យបណ្តឹងឈ្មោះ វណ្ណា ធីដែត (ហៅស្រីពៅ) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ិន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងកំណើតភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្នរស់នៅមិនពិតប្រាកដស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីវេលាកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខ ទៅហាងសាឡនរបស់ខ្លួនដូចរាល់ដង ដោយបានទុកម៉ូតូនៅមុខហាង ហើយដកសោរម៉ូតូទុកក្នុងប្រអប់ម៉ូតូខាងមុខជាប់នឹងម៉ូតូ រួចក៏ដើរចូលទៅក្នុងហាងធ្វើសក់ឱ្យភ្ញៀវ មួយសន្ទុះខ្លួនចេញមកក្រៅ ក៏ស្រាប់តែបាត់ម៉ូតូ ហើយក៏បានស្រែកឆោឡោរ ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថដើម្បីជួយស្រាវជ្រាវ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ទើបឃាត់ខ្លួនជនសង្ស័យ បានរួមទាំងដកហូតវត្ថុតាង នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ មកកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣ នេះ ។ ចំណែកម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕