អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានឃាត់ជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូប) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០០នាទីយប់ចូលថ្ងៃទី១១ ខែសីហា នៅចំណុចមុខកាស៊ីណូកាឡាក់ស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះឈ្មោះ សោម ដានី ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មិន តុលា (ហៅឌី) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីវេលាកើតហេតុក្រុមជនសង្ស័យឈ្មោះ មិន តុលា (ឌី) និងបក្ខពួក ចំនួន០៥នាក់ទៀត ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់យក កាបូបពីជនរងគ្រោះ ពេលកំពុងជិះម៉ូតូជាមួយប្ដី បណ្តាលឲ្យដាច់ខ្សែ កាបូបធ្លាក់ទៅលើដី ភ្លាមនោះជនសង្ស័យឈ្មោះ មិន តុលា(ឌី) បានលោតចុះពីលើម៉ូតូទៅរើសកាបូបនោះ ក៏ត្រូវបានសន្តិសុខដែលយាមនៅក្បែរនោះធ្វើការឃាត់ខ្លួនបានតែម្ដង ចំណែកបក្ខពួកបានជិះម៉ូតូគេចខ្លួន។ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យខាងលើ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនិតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកកាបូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើយ៕