ផ្ទុះហ្គាសក្នុងផ្ទះល្វែងនៃបុរីមួយកន្លែង នៅផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម បណ្តាលឲ្យបុរសជាជនជាតិចិនម្នាក់ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យដោយសារថប់ដង្ហើម
(ភ្នំពេញ)៖ករណីផ្ទុះហ្គាសនៅក្នុងផ្ទះល្វែងនៃបុរីមួយកន្លែង ដែលស្ថិតនៅផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បណ្តាលឲ្យបុរសជាជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យត្រូវបានស្លាប់ដោយសារថប់ដង្ហើម ។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុ ដើម្បីកុំឱ្យមានការឆេះរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗ នៃទីតាំងកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ផ្ទុះធុងហ្គាសនេះ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ តែជាអកុសលជនរងគ្រោះខាងលើបានថប់ដង្ហើមស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលអូរបែកក្អម សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសព និងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។
សពជនរងគ្រោះមានឈ្មោះ GUAN PENGZHI ភេទប្រុស អាយុ៤១ឆ្នាំជនជាតិចិនមុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ EA២៧០៥៣១៥ ស្នាក់នៅកន្លែងកើតហេតុ។យោងតាមការបំភ្លឺរបស់អ្នកស្នាក់នៅជាមួយជនរងគ្រោះមិនចេះប្រើសម្ភារៈ និងចង្ក្រានហ្គាស ទើបបណ្តាលអោយផ្ទុះឆេះបែបនេះ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសាររលាកភ្លើងនិងថប់ដង្ហើមដោយសារផ្ទុះធុងហ្គាសពិតប្រាកដមែន។ក្រោយពីកើតហេតុសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕