រាយខ្សែភ្លើងការពារចោចូលលួចសត្វជ្រូក មាន់ ទា ក៏ត្រូវឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់មួយរំពេច នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖សូមមានការប្រុងប្រយ័ត្នផង បើសិនជារៀបចំ ឬតប្រព័ន្ធភ្លើង គួរតែស្វែងរកជាង ឬក៏អ្នកជំនាញខាងប្រព័ន្ធភ្លើងមកត ឲ្យបានត្រឹមត្រូវ ជៀសវាងការត ខុសបច្ចេកទេសនាំអន្តរាយផ្សេងៗ ដូចជា ធ្វើឲ្យទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះលំនៅដ្ឋាន ទ្រព្យសម្បត្តិ ឆក់មនុស្សស្លាប់ជាដើម ជាក់ស្តែងដូចជាករណីបុរសម្នាក់ឈ្មោះ អង្ក លីង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរាយខ្សែភ្លើងការពារចោលួចសត្វជ្រូក មាន់ ទា បណ្តាលឆក់ស្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦ល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។
គ្រួសារជនរងគ្រោះបានឲ្យដឹងថា៖នៅមុនពេលជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់ គឺជនរងគ្រោះបានរាយខ្សែភ្លើងការពារចោចូលលួចសត្វជ្រូក មាន់ ទា ដែលធ្លាប់បាត់ ទើបរាយខ្សែភ្លើងការពារ ហើយបណ្តាលជនរងគ្រោះរអិលជើងដួលទាក់របងដែកបណ្តាលឆក់ស្លាប់ និងងាប់ជ្រូក មាន់មួយចំនួន។
ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅពិនិត្យជាក់ស្តែង បានប្រាប់ថា៖ក្រោយពីកម្លាំងជំនាញពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ ជាលទ្ធផលឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន ដោយសាកសពផ្កាប់មុខ ដៃខាងឆ្វេងជាប់របងដែក និងមានងាប់ជ្រូក មាន់ ទា ដែលនៅក្នុងទ្រុងជាប់ផ្ទៈផងដែរ។
កម្លាំងនគរបាលបានបញ្ជាក់ថា៖មូលហេតុជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់ គឺបណ្តាលមកពីជនរងគ្រោះរាយខ្សែជាប់របងការពារចោចូលលួចជ្រូក មាន់ ទា ដែលកន្លងមកចោធ្លាប់ចូលលួចបាត់មាន់ជាញឹកញ៉ាប់ ទើបជនរងគ្រោះរាយខ្សែភ្លើងការពារត្រូវបានឆក់ខ្លួនឯងស្លាប់ ក្រោយធ្វើកោសល្យវិច្ឆ័យរួច សាកសពត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕