អាវុធហត្ថចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានេជ័យ ពាក់ព័ន្ធករណីលួច និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីលួច និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ករណីលួចនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០២នាក់ ១–ឈ្មោះ ម៉ី ភា ភេទប្រុស អាយុ២៣ឆ្នាំ ជាសន្តិសុខយាមនៅធនាគារព្រីន បាត់ទូរសព្ទ ក្នុងពេលដាក់សាកថ្មនៅកន្លែងធ្វើការ និងឈ្មោះ ប្រេង វែង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ បាត់ទូរសព្ទ ក្នុងពេលដាក់សាកថ្មក្រោមប៉ៅអ៊ីដែលខ្លួនកំពុងដេក ។ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៦និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ លេង បាត់ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកហូតវត្ថុតាងទូរសព្ទដៃចំនួន០២គ្រឿងដែលរូបគេបានលួច និងគ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួនាំនិងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ជនសង្ស័យ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទម៉ាក IPHONE 8PLUS ពណ៌ខ្មៅ ០១គ្រឿង និងទូរសព្ទម៉ាក VIVO Y16 ពណ៌ខ្មៅ ០១គ្រឿង របស់ដើមបណ្ដឹងទាំងពីរនាក់ខាងលើពិតប្រាកដមែន ហើយរូបខ្លួនកន្លងមកនៅកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់ជាប់គុក នៅខេត្តបន្ទាយមានជ័យ ចំនួន០២ឆ្នាំដែរ ពាក់ព័ន្ធពីបទ ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ លេង បាត់ ត្រូវបានកម្លាំងកាយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ចំណែកទូរសព្ទទាំង០២គ្រឿង ត្រូវបានកម្លាំងជំនាញប្រគល់ជូនម្ចាស់ដើមវិញហើយ៕