អបអសាទរ លោកស្រី ខឹម ខេង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាមេឃុំម៉ាឡៃ
(បន្ទាយមានជ័យ)៖លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម មួន យក់សាន្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ លេខ៣៦២០ ប្រ.ក ប្រកាសស្ដីពីការចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ៖
១,ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំពីលោក ឌឹម សុខ មកលោកស្រី ខឹម ខេង ដោយមូលហេតុទទួលមរណភាព។
២,សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ ពីលោកស្រី ខឹម ខេង មកលោក គង់ វណ្ណថេង វិញ។
៣.ទទួលស្គាល់លោក ប៉ែន សៀង ជំនួសលោក គង់ វណ្ណថេង ជាសមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ។
ថ្លែងនៅក្នុងឱកាសនោះលោក ង៉ោ ម៉េងជ្រួន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងអស់នៅក្នុងឃុំ ដែលលោក លោកស្រី នៅមូលដ្ឋានក៏ដូចជាឯកឧត្តម លោកជំទាវ ក្រុមការងារខេត្ត ចុះជួយស្រុកម៉ាឡៃ និងឃុំ បានខិតខំប្រឹងប្រែងរួមសាមគ្គីសហការណ៍គ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេវាសាធារណៈ ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។
លោក អភិបាលរងខេត្ត បានបន្តលើកឡើងថា៖ ប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំនាពេលនេះ គឺជាដំណើរការធម្មតានៃនីតិវិធីស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្នុងមុខងារសាធារណៈគឺសំដៅធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅ នឹងតម្រូវការចាំបាច់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសើរឡើងថែមទៀត។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា៖ អស់លោកដែលទើបប្រកាសតែងតាំងថ្មីនេះត្រូវបន្តខិតខំរួមសហការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន និងប្រសើរឡើងបន្ថែមទៀត ហើយរក្សាសន្តិភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន សំដៅធានាបាននៅកំណើនសេដ្ឋកិច្ចតាមរយៈផលិតកម្មលើគ្រប់ផ្នែកគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត៕