ឪពុកម្តាយយុវជន លាន លាង សុំដកពាក្យបណ្តឹងឈប់ប្តឹងនគរបាលស្រុកមង្គលបុរី ក្រោយពីទទួលស្គាល់លទ្ធផលកោសល្យវិច័្ចយរបស់សមត្ថកិច្ចជំនាញ កូនខ្លួនពិតជាបានស្លាប់ដោយសារគាំងបេះដូងពិតប្រាកដ
ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយគ្មានមូលដ្ឋាន ប្រភពព័ត៌មានច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យយ៉ាងធ្ងន់ធ្ងរ ជុំវិញការស្លាប់បាត់បង់ជីវិតរបស់ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីបង្ក្រាបបទល្មើសគ្រឿងញៀននៅស្រុកមង្គលបុរីកន្លងទៅ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ ឪពុកម្តាយរបស់យុវជន លាន លាង បាននាំគ្នាទៅដកពាក្យបណ្តឹងបញ្ឈប់ការប្តឹងចំពោះនគរបាលស្រុកមង្គលបុរីទៀតហើយ ក្រោយពីពួកគាត់យល់ច្បាស់ពីផ្លូវច្បាប់ និង បានទទួលស្គាល់លទ្ធផលកោសល្យវិច័្ចយរបស់សមត្ថកិច្ចជំនាញ កូនគាត់ពិតជាបានស្លាប់បាត់បង់ជីវិតដោយសារគាំងបេះដូងពិតប្រាកដមែន ពុំមានការប្រើអំពើហឹង្សាលើរូបរាងកាយចំពោះកូនប្រុសគាត់ ពីសំណាក់សមត្ថកិច្ចណាមួយដូចការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយឡើយ។
យោងតាមលិខិតសុំដកពាក្យបណ្តឹងពីសាលាដំបូងខេត្តបន្ទាយមានជ័យរបស់ឪពុកម្តាយយុវជន លាន ឡាង បានរៀបរាប់ថា ខ្ញុំបាទសូមជំរាបជូន ឯកឧត្តម ព្រះរាជអាជ្ញា មេត្តាជ្រាបថា « ខ្ញុំបាទបានដាក់ពាក្យ បណ្តឹងប្តឹងឈ្មោះ អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងគូកន ពីបទអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ ប្រព្រឹត្តនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីខ្ញុំបាទដាក់ពាក្យបណ្ដឹងរួចមក ខ្ញុំបាទយល់ថាពាក្យបណ្ដឹងរបស់ខ្ញុំបាទ មិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកទេ ហើយម៉្យាងវិញទៀត ខ្ញុំបាទបានពិនិត្យលើលទ្ឋផលកោលវិច្ឆ័យរបស់គ្រូពេទ្យជំនាញបានបញ្ជាក់ថា កូនប្រុសរបស់ខ្ញុំបាទឈ្មោះ លាន លាង ភេទប្រុស ពិតជាបានស្លាប់ដោយសារជំងឺគាំបេះដូងពិតប្រាកដមែន មិនមែនបណ្តាលមកពីការប្រព្រឹត្តអំពើ ហិង្សានោះទេ ទើបខ្ញុំបាទសុខចិត្តដក់ពាក្យបណ្តឹងឈប់ប្ដឹងឈ្មោះ អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី ទទួល បន្ទុកផ្នែកគ្រឿងញៀន និងគូកន ចាប់ពីថ្ងៃនេះតទៅ។
អាស្រ័យដូចបានគោរពជូនខាងលើ សូម ឯកឧត្តម ព្ររាជអាជ្ញា មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានដកពាក្យ ឈប់ប្តឹងឈ្មោះ អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងគូកន វិញដោយក្តី អនុគ្រោះ៕
ព័ត៌មានលំអិតសូមអានលិខិតសុំដកពាក្យបណ្តឹងដែលមានខ្លឹមសារដូចខាងក្រោមៈ