ឯកឧត្ដម គង់ សោភ័ណ្ឌ ថ្លែងការកោតសរសើរ ចំពោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដែលបានខិតខំប្រឹងប្រែងពុះពារជំនះគ្រប់ឧបសគ្គ រួមចំណែកក្នុងភារកិច្ច ការពារជាតិមាតុភូមិ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម
ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីប្រកាសសេចក្តីសម្រេចបង្កើតថ្មី២ ផ្នែកសឹករងប្រកាសតែងតាំងមុខតំណង បំពាក់ឋានន្តរសក្តិ ជូនមេបញ្ជាការមេបញ្ជាការរង និងបញ្ចូលក្របខណ្ឌពលទាហាន ផ្នែកសឹករងអរិយក្សត្រ និងផ្នែកសឹករងសំពៅពូន នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានសម្តែងការកោតសរសើរ ចំពោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដែលបានខិតខំប្រឹងប្រែងពុះពារជំនះគ្រប់ឧបសគ្គ រួមចំណែកក្នុងភារកិច្ច ការពារជាតិមាតុភូមិ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាចំណែកមួយ ដែលមិនអាចខ្វះបាន ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថាមេបញ្ជាការផ្នែកសឹងរងក្រុងថ្មីទាំង២ នឹងបន្តកិច្ចខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែល្អប្រសើរជូនជាតិ មាតុភូមិ ពិសេសធ្វើយ៉ាងណាធានាឱ្យបាននិរន្តរភាព នៃការរីកចម្រើនរបស់អង្គភាព ដើម្បីទុកជាមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ជាពិសេស មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងក្រុង ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ គោរពនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្តីពីលក្ខន្តិកៈន កងយុទ្ធពលខេមរភូមិន្ទ និងច្បាប់លិខិតបទដ្ឋានគតិយុត្តនានា។ រក្សាភាពស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាម បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។ ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពកើត ចេញពីប្រជាជន និងដើម្បីប្រជាជន។ ប្រឆាំងដាច់ខាត និងបង្ក្រាបឱ្យខាងតែបាន អំពើរភេវរកម្ម អំពើប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់មិនឲ្យមានការធ្វើបដិវត្តពណ៌តាមរូបភាពណា ក៏ដោយ។ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀប រៀបរយ អធិបតេយ្យ បូរណភាពទឹកដីនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងប្រែ ក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ អភិវឌ្ឍ មានលំហូរទីផ្សារដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជា ជនក្នុងមូលដ្ឋាន។ ត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធានារក្សាសន្តិសុខ អធិបតេយ្យជាតិ ទាំងដែនទឹក, ដែនដី និងដែនអាកាស និងត្រូវយកចិត្តទុកដាក់ថែរក្សាការពារបង្គោល ព្រំដែន បូរណភាពទឹកដី។
មានប្រសាសន៍ ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៏ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានស្នើដល់ថ្នាក់ដឹកនាំ នាយ ពលទាហាន ជាពិសេសមេបញ្ជាការ មេបញ្ជាការរង ដែលទើបតែងតាំង ត្រូវយកត្តទុកដាក់ពង្រឹងទំនាក់ទំនងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីរួមគ្នាដឹកនាំកសាងអង្គភាព ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។ ត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺនរៀនសូត្រឱ្យដល់កងកម្លាំង ទាំងយុទ្ធវិធី បច្ចេកទេស ឋានលេខា អប់រំចិត្តសាស្ត្រ ដើម្បីបង្កើនកម្រិតយល់ដឹង សំដៅឱ្យយោធិនគ្រប់រូបមានសមត្ថភាពកាន់ តែល្អប្រសើថែមទៀត។ ជំរុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដោយអនុវត្តទៅតាមផែនការរបស់អគ្គនាយក ភស្តុភា–ហិរញ្ញវត្ថុ និងយោធភូមិភាគពិសេសបានដាក់ចុះ ដើម្បីបង្កើនប្រភពចំណូលធានាដល់ជីវភាពរស់នៅរបស់កងទ័ពឱ្យបានប្រសើរថែមមួយកម្រិតទៀត ៕