សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ត្រីរាជការកងកម្លាំងទាំងអស់ បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរគ្រប់មូលដ្ឋាន
(ព្រៃវែង)៖មន្ត្រីរាជការកងកម្លាំងទាំងអស់ បង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អ ប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាន ទូទាំងខេត្តព្រៃវែង។សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រីរាជការកងកម្លាំងបែបនេះ ក្នុងខណៈដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មេឃុំ ក្រុមប្រឹក្សាឃុំ អភិបាលក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង។
ក្រោយពីឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីផែនការសកម្មភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២២ និងអំពីសមទ្ធិផលដែលសម្រេចបានអស់រយៈពេលមួយឆ្នាំ របស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុកទាំង១៣ឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រៃវែងនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំង មានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញ តួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច–សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ–១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ផងដែរ៕