ក្រុមរថយន្តដឹកទំនិញ លើកគ្នាតវ៉ា ដោយបើករថយន្តយកមកបិទផ្លូវជាតិលេខ៥ ព្រោះតែរឿងក្រុមហ៊ុនទាផាស៊ីឡើងថ្លៃ នៅចំណុចបេនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយសារក្រុមហ៊ុនទាផាស៊ីឡើងថ្លៃជាងសព្វមួយដង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមរថយន្តដឹកទំនិញធុនធំ និងតូច បាននាំគ្នាបើករថយន្តបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចបេនយកផាស៊ី ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍និងឲ្យក្រុមហ៊ុនដោះស្រាយដោយឲ្យយកតម្លៃដដែល បង្កឲ្យមានការកកស្ទះណែនតែនតាប់ចូលជាងមួយគីឡូដី ។ក្រោយពីកើតហេតុភ្លាមគេសង្កេតឃើញមានកម្លាំងនគរបាលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគមន៍ដោយធ្វើការសម្រួលចរាចរណ៍ផងដែរ តែទោះបីជាខំសម្រួលយ៉ាណាក្តីក្រុមរថយន្តដឹកទំនិញទាំងនោះ មិនយល់ព្រមឡើយ ។
បើតាមប្រភពពីក្រុមរថយន្តដឹកទំនិញបានឲ្យដឹងថា ពួកខ្លួនយករថយន្តបិតផ្លូវនេះគឺដោយសារមកពីក្រុមហ៊ុនវិនិយោគដែលទើបដេញថ្លៃបានថ្មី ទាផាស៊ីថ្លៃជាងមុនរហូតទៅដល់ក្នុងមួយក្បាលរថយន្តចំនួន ២ម៉ឺនរៀល ខណ:កាលពីមុន(ក្រុមហ៊ុនចាស់)យកតំលៃត្រឹមតែ ៥ពាន់រៀល ដោយមិនបានចេញវិក័យបត្រឱ្យទៀតផង ។
ពួកគាត់បញ្ជាក់ថា នៅតាមខេត្តផ្សេងៗដូចជា សៀមរាប បាត់ដំបង គេយកថ្លៃផាស៊ីត្រឹមតែមួយក្បាលឡាន ១ម៉ឺនរៀលតែប៉ុណ្ណោះ បេនរបស់គេមានបង្គន់អនាម័យ មានកន្លែងងូតទឹកទៀតផង ចំណែកឯនៅក្រុងប៉ោយប៉ែតវិញទាររហូតទៅដល់ ២ម៉ឺនរៀលមិនមានអ្វីទាំងអស់ ទើបពួកគាត់នាំគ្នាយករថយន្តបិតផ្លូវសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងជំនាញ និងខេត្ត ស្រុក ជួយសម្របសម្រួលតំលៃដើមវិញ។
ដោយឡែកតំណាងក្រុមហ៊ុនយកផាស៊ីដែលទើបដេញថ្លៃបាននោះបានឲ្យដឹងដែរថា៖ការអនុវត្តតាមវិកាយប័ត្រដែលចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់តំលៃឲ្យក្រុមហ៊ុនវិនិយោគចំណតរថយន្តយកផាស៊ីរថយន្ត១គ្រឿងតំលៃ ២ម៉ឺនរៀល មានចេញវិក័យបត្រត្រឹមត្រូវ។តែដោយសារការកកស្ទះកាន់តែច្រើនទៅៗ រហូតដល់ជាង ៣ម៉ោងទៅហើយនោះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះធ្វើការសម្របសម្រួលជាមួយក្រុមរថយន្តដឹកទំនិញ និងតំណាងក្រុមហ៊ុនទាផាស៊ី ដើម្បីបញ្ជៀសការកកស្ទះ រហូតទទួលបានលទ្ធផល ក្នុងថ្ងៃដែលលើកគ្នាតវ៉ានេះលើកលែមិនយកថ្លៃផាស៊ី រងចាំអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធរួមជាមួយម្ចាស់ក្រុមហ៊ុនដកឃ្លាធ្វើការដោះស្រាយគ្នាសិន ។ ក្រោយមកក្រុមរថយន្តដឹកទំនិញបានទទួលយកការដោះស្រាយរបស់លោកអភិបាលក្រុង ក៏បានរំសាយ ដោយបើកផ្លូវឲ្យធ្វើចរាចរណ៍ធម្មតាឡើងវិញ ៕