ក្មេងប្រុសៗ ៧នាក់នាំគ្នាជិះទូកស្មាច់ទៅបេះផ្លែឈូក បណ្តាលឲ្យទូកលិចលុងស្លាប់ចំនួន០២នាក់ យ៉ាងអាណោចអធម៌
ខេត្តតាកែវ: ពិតជាសង្វែកខ្លាំងណាស់ ក្មេងប្រុស ២នាក់ ក្នុងចំណោម៧នាក់បានស្លាប់យ៉ាងអាណោចអធម៌ ខណ:នាំគ្នាជិះទូកស្មាច់ទៅបេះផ្លែឈូក បណ្តាលឲ្យលិច នាវេលាម៉ោង ១០ និង០៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រះទឹក នៅក្នុងបរិវេណវត្តបារាយណ៍ ស្ថិតនៅក្នុងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
ក្រុមក្មេងប្រុសៗទាំង៧នាក់ដែលជិះទូកលិចបណ្តាលឲ្យលុងស្លាប់២នាក់នោះរួមមាន៖
ទី១.ឈ្មោះ តេត រតនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិក្រាំងតាពូង, ទី២.ឈ្មោះ គក ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិស្វាយឬស្សី ,ទី៣.ឈ្មោះ ភន សុធន់ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិស្វាយឬស្សី ,ទី៤.ឈ្មោះ អឿន គឹមយ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរៈ សិស្ស មានទីលំនៅរស់នៅភូមិដូនពែង ,ទី៥.ឈ្មោះ លាន ហុកលីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិជ្រោយប្រឃរ ,ទី៦.ឈ្មោះ រុន ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិស្វាយជ្រុំ និងទី៧.ឈ្មោះ ខុម ភក្ត្រា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិដូនពែង។ ក្មេងប្រុសទាំង០៧នាក់ខាងលើ រស់នៅក្នុងសង្កាត់បារាយណ៍ បាននាំគ្នាទៅជិះទូក(ទូកស្មាច់)របស់ព្រះសង្ឃ ដែលនៅក្នុងស្រះទឹកស្ថិតនៅពីខាងកើតវត្តដើម្បីជិះទៅបេះផ្លែឈូកស៊ី លុះដោលទូកចេញទៅដល់កណ្តាលបានឈោងដៃបេះផ្លែឈូក ពេលនោះទូកបានផ្អៀងទូក នឹងលិចនៅកណ្តាលស្រះនោះ ហើយមានក្មេងៗចំនួន០៥នាក់ ដែលមានៈ ១, ឈ្មោះ ភន សុធន់ ២.ឈ្មោះ អៀន គឹមយ៉ាន ៣.ឈ្មោះ លាន ហុកលីម ៤.ឈ្មោះ រុន ចិត្រា និងទី៥.ឈ្មោះ ខុម ភក្ត្រា បានហែលមកដល់មាត់ស្រះវិញ។ ចំណែកក្មេងរងគ្រោះចំនួន០២នាក់ មានឈ្មោះ តេត រតនា និងឈ្មោះគក ដាវីន បានលិចទៅជាមួយទូកបណ្តាលឱ្យស្លាប់តែម្ដង។ រីឯទូក(ទូកស្មាច់)មកដល់ពេលនេះ មិនទាន់មានអ្នកណារកឃើញ និងស្រង់បានឡើយ ពីព្រោះទូកនោះបានលិចចុះទៅដល់បាតស្រះ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ធ្វើការជួយរាវរក និងស្រង់យកជនរងគ្រោះ(សាកសព) ហើយបានបង្កើតគណៈកម្មការមានៈ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ គ្រូពេទ្យមណ្ឌលសុខភាពបារាយណ៍ ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោកមេភូមិស្វាយឬស្សី និងលោកមេភូមិក្រាំងតាពូង ដើម្បីធ្វើការពិនិត្យ និងធ្វើកោសលវិច្ច័យលើ សាកសពទាំង០២នាក់ ទើបសន្និដ្ឋានបានថាៈ ក្មេងរងគ្រោះជាសាកសពទាំង០២នាក់ខាងលើ ពិតជាស្លាប់ដោយ លង់ទឹកស្លាប់ពិតប្រាកដមែន។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ : លោក ផូង បញ្ញា