រដ្ឋបាលក្រុងប៉ោយប៉ែត ស្នើឲ្យប្រជាពលរដ្ឋ ដែលកំពុងលក់ដូរនៅផ្សារសមាគម ថយពីចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ដើម្បីទុក្ខកន្លែងថ្មើជើងធ្វើដំណើរ និងមិនអនុញ្ញាតឲ្យលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ជៀសវាងការស្ទះចរាចរណ៍នាំឲ្យរថយន្តសង្គ្រោះបន្ទាន់ជួយសង្គ្រោះអាយុជីវិតមនុស្សមិនបានទាន់ពេល
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ នៅចំណុចផ្សារសមាគម និងជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ពិសេសជាងនេះទៅទៀតរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ចេញចូលដឹកអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ក៏ជួបការពិបាក ដោយសារតែការស្ទះចរាចរណ៍ ព្រោះតែបងប្អូនប្រជាពលរដ្ឋដាក់តាំងលក់ទំនិញផ្សេងៗ នៅលើចំណីផ្លូវសាធារណៈ និងដាក់រទេះលក់ដូរនៅតាមចិញ្ចើមផ្លូវសាធារណៈ ដូច្នេះពេលនេះរដ្ឋបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់អ្នកដែលលក់ដូរនៅជុំវិញផ្សារសមាគម ថយឬគម្លាតពីចិញ្ចើមផ្លូវចូលក្នុងដីរបស់ខ្លួន ដោយទុក្ខផ្លូវថ្មើជើងប្រវែង ២ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ចំណែកឯអ្នកដែលលក់ដូរនៅជុំវិញមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សូមឲ្យរកទីតាំងលក់ដូរកន្លែងផ្សេង មិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតនោះទេ ដើម្បីបញ្ជៀសការស្ទះចរាចរណ៍ផង និងដើម្បីឲ្យរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដឹកអ្នកជំងឺចេញចូលរហ័សទាន់ចិត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស និងក៏ជាការលើកសោភ័ណភាពក្រុងរបស់យើងឲ្យកាន់តែស្រល់ស្អាតបន្ថែមទៀត ដើម្បីឲ្យសាកសមជាឈ្មោះទីក្រុងផងដែរ។
ជាមួយគ្នានោះដែរលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបង្កើតជាតូបដាក់តាំងលក់ទំនិញផ្សេងៗ នៅលើចំណីផ្លូវសាធារណៈ និងបិទប្រព័ន្ធលូ បិទប្រឡាយរំដោះទឹកនៅខាងក្រោយមន្ទីរពេទ្យ ដែលមិនមែនជាដីកម្មសិទ្ធិរបស់ខ្លួននោះ សូមឲ្យរុះរើចេញ ដើម្បីបញ្ជៀសការស្ទះប្រព័ន្ធលូ ពីព្រោះនៅពេលភ្លៀងធ្លាក់ម្ដងៗស្ទះ ទឹកហូមិនទាន់ បណ្តាលឲ្យទឹកហូរចូលក្នុងមន្ទីរពេទ្យ ជាហេតុធ្វើឲ្យជះខ្លិនស្អុយលាមក ក៏ដូចជាកាកសំណល់ផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ពិសេសប៉ះពាល់ដល់អ្នកជំងឺដែលកំពុងសម្រាក់ព្យាបាលផងដែរ៕