ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់ ជិះម៉ូតូបុកជាមួយរថយន្តដឹកដីគ្មានស្លាកលេខ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកយកទៅសង្គ្រោះនៅឯបន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ
ខេត្តបន្ទាយមានជ័យ.៖ សំណាងហើយដែលមិនប៉ះពាល់ដល់អាយុជីវិតគ្រាន់តែរងរបួសធ្ងន់ ត្រូវក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែតដឹកនាំដោយលោក នួន នីគីដា ដឹកយកទៅសង្គ្រោះនៅឯបន្ទីរពេទ្យបង្អែកប៉ោយប៉ែត ភ្លាមៗ ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូនិងរថយន្តដឹកដីគ្មានស្លាកលេខ បុកគ្នាយ៉ាងពេញទំហឹង ដោយម៉ូតូនិងម្ចាស់គៀបជាប់ទៅនឹងរថយន្ត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅក្បែរផ្លូវហ្សូអា ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគេបានឃើញរថយន្តដឹកដី បានបើកដឹកដីយកទៅចាក់នៅក្នុងចំការស្វាយមួយកន្លែង ស្ថិតនៅចំណុចខាងលើ រួចក៏បានបើកចេញទៅផ្លូវធំក្នុងទិសដៅពីត្បូងទៅជើង ក្នុងគោលបំណងទៅដឹកដីមកចាក់បន្ថែមទៀត រីឯម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទើសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុមិនដឹងជាយ៉ាងម៉េចបានជាបុកគ្នា បណ្ដាលឲ្យម៉ូតូគៀបជាប់និងរថយន្តដឹកដីតែម្ដង។ក្រោយពីកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនគ្រោះនិងម៉ូតូគៀបនិងរថយន្ត ។ក្រោយពីកើតហេតុកម្លាំងនគរបាលបានចុះពិនិត្យកន្លែងកើតហេតុ និងឱ្យមន្ត្រីជំនាញធ្វើការវាស់វែងតាមនិតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់សន្និដ្ឋានបានថា អ្នកណាជាអ្នកខុសនឹងត្រូវនោះទេ រងចាំជំនាញធ្វើការវាស់វែងនិងឆែកកាំមេរ៉ាសុវត្ថិភាព ។ក្រោយពីកើតហេតុកម្លាំងជំនាញបាននាំយកមធ្យោបាយទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដើម្បីរង់ចាំការដោះស្រាយគ្នាតាមនិតិវិធីជាក្រោយ៕