បុរសជនជាតិចិន បើករថយន្តលុចស៊ីសRX.330បុករៈផាអាប់ និងម៉ូតូ ដែលកំពុងធ្វើដំណើរ និងចតនៅចិញ្ជើមផ្លូវ បណ្តាលខូចខាត និងមនុស្សរងរបួសធ្ងន់ស្រាល
ខេត្តបន្ទាយមានជ័យ៖មនុស្សចំនួន ៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តលុចស៊ីសRX.330បុករៈផាអាប់ ,ម៉ូតូកង់បី និងម៉ូតូ ដែលកំពុងធ្វើដំណើរ និងចតចោលនៅចិញ្ចើមផ្លូវ ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាព្រឹកព្រលឹម ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុមានរថយន្តម៉ាកលុចស៊ីស RX.330ពាក់ផ្លាក់លេខភ្នំពេញ2AL.7905 ដោយគេដឹងថាអ្នកបើកបរជាជនជាតិចិន បើកបរក្នុងទិសដៅពីជើងមកត្បូងតាមផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកប៉ះបន្តិចបន្តូច នៅពេលប្រជាពលរដ្ឋឃាត់ឲ្យឈប់ដើម្បីដោះស្រាយគ្នា បែជាបុរសជាជនជាតិចិន ដែលជាតៃកុងរថយន្តរូបនេះមិនព្រមក៏បន្តបើករុលទៅមុខទៀត ទើបបណ្តាលឲ្យបុករះផាអាប់ ចំនួន៣គ្រឿង, ម៉ូតូកង់បី ១គ្រឿង និងម៉ូតូ២គ្រឿង ដែលកំពុងធ្វើដំណើរ និងចតនៅចិញ្ជើមផ្លូវ រងការខូចខាតយ៉ាងដំណំ រីឯមនុស្សចំនួន៣នាក់រងរបួសធ្ងន.ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ។ក្រោយពីគ្រោះថ្នាក់នេះកើតឡើងភ្លាម ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានធ្វើការឃាត់ជនជាតិចិនដែលបង្កគ្រោះថ្នាក់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។
នគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត ដែលបានចុះមកដល់ធ្វើចរាចរណ៍និងវាស់វែងបានប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺដោយសារជនជាតិចិនបើកបរក្នុងស្ថានភាពស្រវឹងជោគជាំបានបើកបរបុករៈ បណ្តាលខូចខាតផាអាប់,ម៉ូតូនិងមានអ្នករងរបួសធ្ងន់ស្រាលត្រូវបានសង្គ្រោះទៅកាន់មន្ទីពេទ្យ។
ក្រោយពីពិនិត្យ និងវាស់វែងរួចហើយនោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត នាំខ្លួនអ្នកបើកបរ បង្កគ្រោះថ្នាក់ដែលជាជនជាតិចិន និងមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំការដោះស្រាយគ្នាតាមច្បាប់ជាក្រោយ៕