ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៣ និងដាក់ទិសដៅសម្រាប់អនុវត្តខែបន្ទាប់
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញ លោកអធិការក្រុង–ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍ការពារព្រំដែនទាំង៣២ នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលគ្រប់អង្គភាពពាក់ព័ន្ធ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសម្រេចជោគជ័យគួរជាទីមោទន: ជាបន្តបន្ទាប់ទាំងការងារស្នូល ការងារផ្តល់សេវាសាធារណ: ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការងារសង្គមផ្សេងៗ។
លោកឧត្តមសេនីយ៍ទោស្នងការ ជម្រុញឲ្យកម្លាំងនគរបាលទាំងអស់ ពិសេសប្រធានអង្គភាពនីមួយៗ
– ពង្រឹងការគ្រប់គ្រងកម្លាំង បញ្ជីវត្តមាន ការគោរពវិន័យ និងការស្លៀកពាក់ឯកសណ្ឋាន
– ពង្រឹងការគ្រប់គ្រង រាល់សំណុំលិខិតរដ្ឋបាល ឯកសារគតិយុត្តិ (ការប្រែប្រួលទំរង់លិខិតរដ្ឋបាល)
– ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធឲ្យបានល្អ
– ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងប្រឆាំងរាល់ពត៌មានក្លែងក្លាយ
– ពង្រឹងការទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម
– ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ–សង្កាត់មានសុវត្ថិភាព និងការទប់ស្កាត់ក្មេងទំនើង
– ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ
– ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀន ការលក់ចែកចាយ ការដាំដុះនិងការផលិត
– បង្ក្រាបរាល់បទល្មើសជួញដូរមនុស្សគ្រប់រូបភាព គ្រប់ទំរង់
– ពង្រឹងការបណ្តុះបណ្តាលជំនាញខ្លីនៅនិងកន្លែងដល់កងកម្លាំង
– ពង្រឹងការឯកភាព សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕