ប្រពន្ធចិត្តព្រៃផ្សៃកាប់សម្លាប់ប្តី ខណៈកំពុងដេកលង់លក់ ស្រវឹងមិនដឹងខ្លួន នៅក្រុងប៉ៃលិន
ខេត្តប៉ៃលិន៖បុរសម្នាក់ ត្រូវប្រពន្ធចិត្តឃោឃៅ កាប់សម្លាប់យ៉ាងព្រៃផ្សៃ ក្រោយពីប្តីត្រឡប់មកពីចូលរួមខួបកំណើតស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅក្នុងផ្ទះ នៅវេលាម៉ោងប្រហែល០៣ ជិតភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកវរសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង គឹមចេង អាយុ ៧០ឆ្នាំ ចំណែកជនដៃដល់ជាប្រពន្ធឈ្មោះ ចេង ចាន់ថា អាយុ ៤៨ ឆ្នាំ មុខរបរលក់ដូរ ។អ្នកទាំងពីរប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារើយៗ ចាប់តាំងពីកូននៅតូចៗ មកម្លេះ គ្រាន់តែឈ្លោះរួចក៏ត្រូវគ្នាវិញ។
លោកបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តីបានទៅខួបកំណើតគេពេលត្រឡប់មកវិញមានការឈ្លោះប្រកែកគ្នាខ្លាំងរួចដល់ជិតភ្លឺ ក៏ស្រាប់តែជនរងគ្រោះត្រូវបានកាប់ស្លាប់។
លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះ ចេង ចាន់ថា បានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយបញ្ជាក់ថា ខ្លួនបានសម្លាប់ប្តីហើយ។ក្រោយពីធ្វើកោសល្យវិច្ច័យ នគរបាលបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារការកាប់ជាច្រើនកាំបិត បណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេក។
បច្ចុប្បន្ន ជនសង្ស័យដែលជាប្រពន្ធ ត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕