ជនជាតិថៃម្នាក់ ត្រូវរាជអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងអំពើលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួច ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន (WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ជនរងគ្រោះ និងជនសង្ស័យ (ជាសង្សានិងរស់នៅជាមួយគ្នា ជិត១ឆ្នាំ) នៅថ្ងៃកើតហេតុជនរងគ្រោះ និងជនសង្ស័យ បានចេញពីកន្លែងផឹកស៊ី ហើយបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយបាននាំគ្នាជិះម៉ូតូកង់បី ទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះចូលក្នុងបន្ទប់ ហើយបានបង្ខំជនរងគ្រោះប្រាប់លេខសម្ងាត់ក្នុងទូរសព្ទ ហើយបានផ្ទេរប្រាក់ចេញអស់ចំនួន២,០២៩បាត ទៅក្នុងគណនីរបស់ខ្លួន ហើយបានគម្រាមបង្ខំឱ្យជនរងគ្រោះដោះសម្លៀកបំពាក់លេងប្រដាប់ភេទជនរងគ្រោះ យកដបទឹកសុទ្ធសូកចូលប្រដាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសហូរឈាមទៀតផង។ ក្រោយមកជនសង្ស័យបានចូលបន្ទប់ទឹក ដោយឱកាសល្អ ជនរងគ្រោះបានស្ទុះរត់ចេញក្រៅបន្ទប់ទាំងអាក្រាតកាយ មកដល់ក្រៅបន្ទប់មុខកាំជណ្តើរ ជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ស្របពេលនោះបានអ្នកជិតខាង (ជាជនជាតិថៃដូច) បានមកដល់ជួយជនរងគ្រោះ ហើយបានយកសម្លៀកបំពាក់ឱ្យជនរងគ្រោះ និងបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃចំនួន០២ថ្ងៃ ទើបត្រលប់មកវិញ ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយតែម្តង។
លោវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃ អាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕