ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខាងភាគី២៥០គ្រួសារ បញ្ឈប់ការចាញ់បោក និងរួមគំនិតនូវអំពើទុច្ចរិតជាមួយជនខិលខូច រឿងលក់ដីខ្យល់ រត់ការដីធ្លីផ្សេងៗ នាំឱ្យបាត់បង់ទ្រព្យសម្បត្តិ និងអាចជាប់ទោសទាន់
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំក្រុមការងារ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីរ អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធាន សាលាដំបូងខេត្ត អយ្យការសាលាដំបូងខេត្ត មេបញ្ជាការ មេបញ្ជាការរងខេត្ត អភិបាលក្រុង ប្រធានភូមិបាលក្រុង ចៅសង្កាត់ រួមនឹងមន្ត្រីពាក់ព័ន្ធនានាផងដែរ បន្តដោះស្រាយក្រៅប្រព័ន្ធតុលាការរឿងវិវាទដីធ្លីដ៏រាំរ៉ៃចាក់ស្រេះជាច្រើនឆ្នាំកន្លងមកនោះ នៅចំណុចអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាងឈ្មោះ វែន ខែមរិន្ទ និងលោកស្រី ហង្ស ចិន្តា ដែលជាតំណាងប្រជាពលរដ្ឋ២៥០គ្រួសារ ជាមួយភាគីម្ខាងទៀតដែលជាប្រជាពលរដ្ឋចំនួន១២៣គ្រួសារ ដែលកំពុងរស់នៅអាស្រ័យផល ទិញដោយស្របច្បាប់មានប្លង់រឹង អាជ្ញាធរទទួលស្គាល់ដឹងឮ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា ថ្ងៃនេះតាមលិខិតបែបបទរដ្ឋបាលផ្លូវការ បានអញ្ជើញភាគីទាំងសងខាងគូវិវាទមកធ្វើការដោះស្រាយ ហើយឯកឧត្តមនិងក្រុមការងារធ្លាប់ជួបគ្នាដោះស្រាយបានចំនួន៤លើកមកហើយដែរ ហើយគិតថាលើកនេះជាលើកចុងក្រោយគួរតែបញ្ចប់ តែបែជាឈ្មោះ វែន ខែមរិន្ទ ជាតំណាងប្រជាពលរដ្ឋ២៥០គ្រួសារ រួមទាំងពលរដ្ឋរបស់ខ្លួន មិនមកចូលរួម ឃើញតែលោកស្រី ហង្ស ចិន្តា និងពលរដ្ឋប្រមាណ១០នាក់ ដោយក្នុងនោះពួកគាត់ក៏បានអះអាងប្រាប់ក្រុមការងារនិងមន្ត្រីជំនាញថា ខ្លួនក៏ត្រូវចាញ់បោកគេដែរដោយក្នុងម្នាក់ៗអស់ចាប់ពី ៩ពាន់ដុល្លារ ដល់ ៣ម៉ឺនដុល្លារឯណ្ណោះ ដោយជនខិលខូច បានអះអាថា យកលុយទៅរត់ការផ្សេងៗ ដើម្បីបានដីខាងលើ ចុងក្រោយពេលនេះដីក៏មិនបាន លុយក៏បាត់បង់អស់ ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បន្តថា ដើមហេតុនៃរឿងវិវាទដីធ្លីនេះគឺចាប់តាំងពីឆ្នាំ ១៩៩១ ធ្វើការប្ដឹងផ្ដល់គ្នាទៅវិញទៅមកឡើងទៅដល់តុលាការរហូតមកដល់បច្ចុប្បន្ននេះ ទើបស្នើសុំដោះស្រាយក្រៅប្រព័ន្ធតុលាការវិញ ដើម្បីងាយស្រួលសម្របសម្រួលឆាប់បានបញ្ចប់ ដូច្នេះទើបក្រុមការងារខុទ្ទកាល័យ ក្រោមការដាក់ទិសដៅរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់តាំងឲ្យក្រុមការងារ សហការជាមួយរដ្ឋបាលខេត្ត មន្ត្រីពាក់ព័ន្ធ និងរដ្ឋបាលក្រុងប៉ោយប៉ែត សហការគ្នាដោះស្រាយលើបញ្ហានេះតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ជាលទ្ធផលទទួលបានផ្លែផ្កាច្រើនអាចនឹងបញ្ចប់ ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយនោះ ។ក្នុងដំណើរការដោះស្រាយនោះប្រជាពលរដ្ឋទាំងពីរភាគីព្រមទទួលយកដំណោះស្រាយនិងការផ្សះផ្សារបស់ឯកឧត្តមនិងក្រុមការងារ ដោយភាពញញឹមនិងពេញចិត្តរៀងៗខ្លួន ដោយបានសម្រេចប្រគល់សិទ្ធិរស់នៅ និងសិទ្ធិកាន់កាប់ដីធ្លីស្របទៅតាមច្បាប់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ អាស្រ័យផលចំនួន១២៣គ្រួសារ នៅចំណុចខាងលើ។
ជាមួយគ្នានោះដែរឯកឧត្តម បានជំរុញស្មារតីបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលទិញដីក្រោយឆ្នាំ ២០០៤ ត្រូវទៅទាមទារលុយនិងថ្លៃបង់ខាត ពីអ្នកដែលលក់ឱ្យបងប្អូន ហើយអ្នកណាសន្យា និងយកលុយពីបងប្អូនសូមប្ដឹងឲ្យចំឈ្មោះ ។
ទន្ទឹមនោះឯកឧត្តមក៏បានស្នើរឲ្យប្រព័ន្ធច្បាប់ ស្វែងរកអ្នកដែលបង្កើតរឿងនេះឡើងគឺលោក លី ឡៃស្រេង និងប៉ាង កេស៊ុន ដើម្បីដោះស្រាយជាមួយ លោកស្រី ហង្ស ចិន្តា និងក្រុមគ្រួសារដែលពឹងលោកស្រី ហង្ស ចិន្តា ធ្វើជាសាក្សី ចំណែកបងប្អូនដែលរស់នៅ អាស្រ័យផលបច្ចុប្បន្នគឺរស់នៅរក្សាទ្រង់ទ្រាយដើមទាំងអស់ ពោលគឺមិនឱ្យប៉ះពាល់ពួកគាត់ជាដាច់ខាត ពីព្រោះពួកគាត់មិនមែនជាអ្នកបង្កហេតុ មិនមែនជាអ្នកគេប្ដឹង គឺពួកគាត់រស់នៅ ទិញដូរ ដោយស្របច្បាប់ មិនបានលួចឆក់ប្លន់អ្នកណាឡើយ ម្យ៉ាងវិញទៀតស្នើរឲ្យបុគ្គល វែន ខែមរិន្ទ ចូលខ្លួនមកដោះស្រាយមួយប្រជាពលរដ្ឋរបស់ខ្លួន ២៥០គ្រួសារ មិនត្រូវគេចវេសបែបនេះទេ៕