អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ខេត្តកំពង់ចាម៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល ជាមួយអាជ្ញាធរស្រុក នឹងក្រុមប្រឹក្សាឃុំទូទាំងស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធ ឱ្យបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិត។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធគ្រប់រូប ត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ត្រូវការពារសន្តិសុខជាតិឲ្យបានរឹងមាំ សំដៅធានានូវប្រក្រតីភាពនៃស្ថាប័នជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
– ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ។
– ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងស្រុក ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ–ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
–ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវាការិយាល័យច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ មកទទួលសេវា៕