នគរបាលកម្ពុជា-ថៃ ឃាត់ខ្លួនជនជាតិថៃ៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន
ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបាលជាតិកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយនគរបាលភូមិន្ទថៃ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនជាតិថៃបានចំនួន០៤នាក់ ដែលកំពុងសម្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មលើពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន០៣នាក់។
ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ ដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការចង្អុលដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការងផែនការងារព្រហ្មទណ្ឌ បានធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយនគរបាលភូមិន្ទថៃ រហូតកំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនជាតិថៃចំនួន០៤នាក់ ដែលកំពុងរត់គេច និងសម្ងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យជនរងគ្រោះជាជនជាតិថៃសម្លាប់គ្រួសាររបស់ខ្លួនឯង ដែលមានម្តាយនិងកូនពីរនាក់ រួចព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ខណៈកិច្ចពិភាក្សានេះបានផ្តោតសំខាន់ អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឲ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឲ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ក្រោយឃាត់ខ្លួន ត្រូវបានប្រគល់ជូនសមត្ថកិច្ចថៃនាំយកទៅ ប្រទេសថៃ ដើម្បីបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕