បុរសជាជនជាតិខ្មែរម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងចំការដើមកាស្យារក្នុងទឹកដីថៃ ដោយមិនដឹងពីមូលហេតុ
ខេត្តបន្ទាយមានជ័យ៖សពបុរសម្នាក់ត្រូវគេស្គាល់ជាជនជាតិខ្មែរតាមរយៈអត្តសញ្ញាណប័ណ្ណ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងចំការដើមកាស្យារ ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមិនដឹងមូលហេតុ ។ លុះវេលាម៉ោង១៥និង២០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡូង សំណាង មេបញ្ជារ វរសេនាតូចការពារព្រំដែនលេខ៨០៧ បានដឹកនាំកម្លាំងចុះសា្រវជ្រាវនិងបានរកឃើញសាច់ញាតិ ។
លោកវរសេនីយ៍ឯក ឡូង សំណាង មេបញ្ជារ វរសេនាតូចការពារព្រំដែនលេខ៨០៧ បានឲ្យដឹងថា៖នៅនឹងខ្លួនសព គេរកឃើញលុយក្រដាស៥,០០០រៀល០១សន្លឹក,ប័ណ្ណចាក់វ៉ាក់សាំងកូវីដ–១៩ ០១សន្លឹក,អត្តសញ្ញាប័ណ្ណ០១សន្លឹក មានឈ្មោះ ខាយ ញាន់ ភេទប្រុស អាយុ៥៦ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ឡូង សំណាង បានបន្តថា៖តាមការបំភ្លឺរបស់ឈ្មោះ ឆាន យឿប អាយុ ៥២ ឆ្នាំ ជាប្រពន្ធបានរៀបរាប់ថា កន្លងមកប្តីរបស់ខ្លួននិងខ្លួន ធ្លាប់បានទៅធ្វើការស៊ីឈ្នួលដាំដំលូង ជំរ៉ាស់ស្មៅ នៅភូមិកែវ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ តាំងពីមុនជំងឺកូវីត រាតត្បាត ក្រោយមក ជំងឺកូវីត–១៩ រាលដាលខ្លាំង រូបខ្លួននិងប្តីបានត្រឡប់មកស្រុកខ្មែរវិញរហូតដល់អំឡុង ខែកម្ភៈ ឆ្នាំ២០២៣ ខ្លួនជាប្រពន្ឋបានទៅធ្វើការនៅប្រទេសថៃ តែម្នាក់ឯង ។ ដោយឡែកប្តីរបស់ខ្លួន ធ្លាប់បានទៅសួរសុខទុក្ខ ១ឬ២យប់ហើយ និងយកលុយពីខ្លួន មកខ្មែរវិញផងដែរ រហូតដើម ខែមេសា ឆ្នាំ២០២៣ ក៏បានបាត់ដំណឹងមិនឃើញប្ដីរបស់ខ្លួន មកសួសុខទុក្ខខ្លួនជាប្រពន្ធទៀត ។ លុះដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ទើបកូនខ្លួន បានទទួលដំណឹងពីនគរបាល បានប្រាប់កូនថាប្តីរបស់ខ្លួនបានដេកស្លាប់ដោយមិនដឹងពីមូលហេតុ នៅចំណុច ភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ហើយកូនបានចូលជាមួយ កម្លាំងនគរបាល ដើម្បីពិនិត្យមើលសពនោះ ពិតជាប្តីរបស់ខ្លួនប្រាកដមែន ( ដោយបញ្ជាក់តាម សំលៀកបំពាក់ ស្បែកជើង អត្តសញ្ញាណប័ណ្ណ និងប័ណ្ណចាក់វ៉ាក់សាំងកូវីដ–១៩ ដែលជាប់និងខ្លួនគាត់ ) ។
លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានបញ្ជាក់ថា៖សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី ។បើតាមការឲ្យដឹងពី ឈ្មោះ ហួត ហ៊ុន ជាអនុភូមិសាមគ្គី បានប្រាប់ថា កន្លងមកឈ្មោះ ខាយ ញាន(សព) តែងតែផឹកស្រា ស្រវឹងរាល់ថ្ងៃ និងមានសតិមិនប្រក្រតី ពេលពិសារស្រាគាត់មិនដែល ហូបអាហារ(បាយ)នោះទេនិងដើរបាត់ៗពីផ្ទះ ៕