ស្ត្រីម្នាក់ត្រូវរថយន្តដឹកដី បុកធ្លាយពោះវៀនចេញមកក្រៅ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធម៌បន្សល់ទុកកូន៤នាក់កំព្រាកណ្តោចកណ្តែង ខណៈឪពុកត្រូវបានលែងលះគ្នាជាមួយម្តាយ
ខេត្តព្រះសីហនុ៖នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកស្តុបអាចមឹក ស្ថិតក្នុងក្រុម៦ ភូមិ៤ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តដឹកដីបើកក្នុងល្បឿនលឿនវ៉ាជែងគ្នាមិនប្រយ័ត្ន រ៉េចង្កូតទៅបុកស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈកំពុងឈប់ស្តុប ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញស្ត្រីរងគ្រោះ បានជិះម៉ូតូពីកើតទៅលិចលុះមកដល់ចំណុចផ្លូវបំបែកផ្លូវភ្លើងស្តុបក៏បានឈប់រង់ចាំ ខណៈពេលនោះមានរថយន្តដឹកដីធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនហើយវ៉ាជែងគ្នា រួចក៏បន្តទៅវ៉ារថយន្តអាផាតមួយគ្រឿងទៀត ធ្វើឲ្យរថយន្តបង្កបានរ៉េចង្កូតមកឆ្វេង បានបុកជនរងគ្រោះដែលកំពុងឈប់ស្តុបពេញទំហឹងអូសចម្ងាយជាង១០ ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ បន្សល់ទុកកូនចំនួន៤នាក់នៅក្នុងបន្ទុកកំព្រា ខណៈឪពុកបានលែងលះគ្នាជាមួយម្តាយ។ភ្លាមៗនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានស្ទាក់ចាប់ឃាត់តៃកុងរថយន្តបានភ្លាមៗនិងបញ្ជូនទៅឲ្យសមត្ថកិច្ចបន្ត។ជនរងគ្រោះមានឈ្មោះ គង់ ស្រី ណែល ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុបន្បន្នស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មុខរបរលក់ដូរ មានកូននៅក្នុងបន្ទុកចំនួន ៤នាក់ កំពុងកំព្រាកណ្តោចកណ្តែង។
ក្រោយពីកើតហេតុកម្លាំងនគរបាលផ្នែងចរាចរណ៍បានចុះធ្វើការវាស់វែង រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបរបង្កហេតុ និងមធ្យោបាយពាក់ព័ន្ធត្រូវបាននាំយកទៅរក្សារនៅអធិការនគរបាលក្រុង ដើម្បីចាត់ការបន្តតាមនិតិវិធី ។
សូមបញ្ចាក់ផងដែរថា នៅចំណុចខាងលើពោលគចាប់ពីឆ្នេរកន្ទុយនាគរហូតមកដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ភ្ញៀវទេសចរណ៍ក៏ដូចប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំង ដោយសារតែក្រុមរថយន្តដឹកដីជាច្រើនគ្រឿង បានដឹកជញ្ជូនពុំបានគ្របឲ្យបានត្រឹមត្រូវនោះទេ ធ្វើឱ្យដីហុយធ្លាក់រប៉ាត់រប៉ាយនៅលើផ្លូវ លើសពីនេះទៅទៀតរថយន្តទាំងនោះបើកក្នុងល្បឿនលឿនដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដ៏ទៃឡើយ ដូច្នេះស្នើឲ្យមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានពិនិត្យ និងមានវិធានការផងទាន៕