ល្បែងស៊ីសងជល់មាន់ តាមអនឡាញ នៅរោងកាហ្វេ ក្នុងសង្កាត់ព្រែកឬស្សី បើកឱ្យលេងយ៉ាងគ្រឹកគគ្រេង ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រាប់នាយប៉ុស្តិ៍លោកថា ចាំសួរមេសិន
ខេត្តកណ្តាល៖ល្បែងស៊ីសងប្រភេទជល់មាន់ តាមអនឡាញ នៅរោងកាហ្វេមួយកន្លែង ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹងគក្រេង មិនទាន់ឃើញមានអាជ្ញាធរចុះបង្ក្រាបឡើយ ។
ពាក់ព័ន្ធករណីនេះកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ ភ្នាក់ងារយើងបានខលទូរស័ព្ទរាយការណ៍ជូនលោក អនុសេនីយ៍ឯក មុំ វុថុល នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឫស្សី លោកប្រាប់ថា ចាំសួរមេសិន ។ ដោយឡែក លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទដែរថា ទីតាំងខាងលើហ្នឹងលោកធ្លាប់ចុះណែនាំម្ដងរួចទៅហើយ
ក្នុងនោះលោកក៏បានបញ្ជាក់ថា លោកនឹងឲ្យកម្លាំងចុះទៅមើល តែរហូតមកដល់ពេលនេះទីតាំងខាងលើនៅតែបន្តបើកដោយរលូនដដែល សង្ស័យមានខ្នងធំហើយមើលទៅ ។
ការបើកឱ្យលេងល្បែងស៊ីសងតាមអនឡាញនេះ ត្រូវបានគេមើលឃើញថា ជះឥទ្ធិពលអាក្រក់ដល់សង្គមយ៉ាងធ្ងន់ធ្ងរ ដោយពិនិត្យមើលឃើញពីផលប៉ះពាល់បែបនេះ ទើបថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តឱ្យខានតែបានដោយមិនយោគយល់ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសផ្ដោតទៅលើល្បែងស៊ីសងតាមអនឡាញនេះតែម្ដង ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម និងប្រជាពលរដ្ឋ ព្រោះថាតំបន់ដែលមានល្បែងស៊ីសងតែងតែកើតមានឡើងនូវអំពើ និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ ដោយសារឥទ្ធិពលនៃការញៀនល្បែង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់បំណុលគេជុំ បង្កជាអសន្តិសុខក្នុងសង្គមជាដើម ។ដូច្នេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មិនមានការភ័យខ្លាច សូមស្នើឱ្យស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានវិធានការទប់ស្កាត់ផងទាន ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឲ្យអនុវត្តនាពេលកន្លងមកនេះ ៕ ដោយ៖ លោក ផូង បញ្ញា
សូមទស្សនានូវវីដេអូរសកម្មភាពអ្នកញៀនល្បែងចូលលេងដែលមានដូចខាងក្រោម៖