អាវុធហត្ថ បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីលួច ដែលប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ម៉ឹង សុខហេង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សារ៉ាបាន់ អុធុមផន(Saraban Uthumpron) ហៅមុត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្តថា ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ការតាមនីតិវិធី ដោយបានធ្វើការកោះហៅឈ្មោះ សារ៉ាបាន់ អុធុមផន(Saraban Uthumpron) ហៅមុត ឱ្យចូលខ្លួនមកបំភ្លឺ ហើយបានសារភាពថាពិតជាបានលួចប្រាក់របស់ក្រុមហ៊ុន (ខារ៉ាអូខេ) របស់ជនរងគ្រោះជាបន្តបន្ទាប់ សរុបចំនួន ១,៣០០,០០០បាត (មួយលានបីសែនបាត) ហើយប្រាក់ដែលលួចបាន គឺរូបគេយកទៅលេងល្បែងរហូតចាញ់អស់ពីខ្លួន។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។ និងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕