លួចម៉ូតូ សន្តិសុខយាមនៅផ្សារទឹកពុះក្រោយកាស៊ីណូផ្កាយប្រាំ ត្រូវអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារទឹកពុះ មុខកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តាមពាក្យបណ្តឹងឈ្មោះ មាស កុសល់ (ភុប) ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ ពិសិដ្ឋ (ដូង) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា ជនរងគ្រោះជាសន្តិសុខយាមនៅផ្កាយប្រាំផ្សារទឹកពុះ នៅថ្ងៃកើតហេតុ មានជនជាតិឥណ្ឌូនេស៊ីពុំស្គាល់អត្តសញ្ញាណ ស្គាល់តែមុខនៅកន្លែងធ្វើការចំនួន០២នាក់ បានមកសុំខ្ចីម៉ូតូរបស់ខ្លួនជិះទៅទិញអីហូប នៅម្តុំផ្សារទឹកពុះ ក្រោយមកពួកគេបានមកប្រាប់ខ្លួនថា ម៉ូតូត្រូវបានចោរលួចបាត់។ ក្រោយពីទទួលបានបណ្តឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ។ចំណែកម៉ូតូ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕