ប្រជាពលរដ្ឋជាង ៧០គ្រួសារ រស់នៅជាប់អូរព្រំដែនរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរយកគ្រឿងចក្រ កាយរំដោះទឹក នៅសង្កាត់អូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាប់អូរព្រំដែនកម្ពុជា–ថៃ បណ្តាលឲ្យរងផលប៉ះពាល់ចំនួន៧៧គ្រួសារធ្វើឲ្យពួកគាត់ ជួបការលំបាក ជាពិសេសសិក្សានុសិស្ស ទៅសិក្សាពិបាកក្នុងការធ្វើដំណើរចេញ–ចូល។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូររជ្រៅ បានប្រាប់ថា៖ ក្រោយពីទទួលបានព័ត៌មាន នេះភ្លាម និងមានការណែនាំពី លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក និងលោក ពេស រិយាស័ក អភិបាលរងក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងសមត្ថកិច្ច បានចុះពិនិត្យ និងនាំយកគ្រឿងចក្រ ទៅកាយរំដោះទឹក បង្ហូទំលាក់ចូលអូរព្រំដែន ដើម្បីបញ្ជៀសការជន់លិចជាងនេះ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រហូតបានធូរស្រាល។
ជាមួយគ្នានោះដែរលោក វ៉ា ជឹមណារ៉េត បានធ្វើការអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ៈពាល់ដោយសារទឹកជំនន់ក្បែរអូរព្រំដែន សូមការពារចំពោះកូនចៅមិនត្រូវអោយលេងទឹក វាអាចប្រឈមគ្រោះថ្នាក់គ្រប់ពេល ហើយម្យ៉ាងវិញទៀត សម្រានត្រូវដាក់មុងអោយបានត្រឹមត្រូវ ហូបចុកត្រូវអនាម័យ ដើម្បីសុខភាព ពិសេសត្រូវប្រុងប្រយ័ត្នមើលថែកូនចៅតូចៗឲ្យបានល្អ ដើម្បីបញ្ជៀសការទិចឬខាំពីសត្វអសិរពិសផ្សេងៗផងដែរ៕