មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ចុះធ្វើអធិការកិច្ច តាមសាលាធម្មវិន័យ និងសាលាបឋមសិក្សាក្នុង ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន ដ៏មានសក្ដានុពលនៅថ្ងៃអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ការសិក្សារបស់ សមណៈសិស្សត្រូវខិតខំឧស្សាហ៍រៀនសូត្រ។ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញបេសកម្ម ចុះធ្វើអធិការកិច្ចត្រួតពិនិត្យសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា តាមបណ្ដាវត្តអារាមនានា នៅក្នុងស្រុកមង្គលបុរី និងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំសិក្សា ២០២៣ –២០២៤នាចុងសប្ដាហ៍កន្លងទៅនេះ។
ក្នុងការចុះធ្វើកិច្ចត្រួតពិនិត្យនេះដែរក៏មានការនិមន្តអញ្ជើញចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្ត រួមមានព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្ត ព្រះឃោសរ័ត្ត យី យ៉ុន ព្រះធម្មធរគណខេត្ត និងជាគ្រូពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម និងព្រះចៅអធិការអាចារ្យគណៈកម្មការ និងព្រះមន្ត្រីសង្ឃ សូមចូលរួមសហការ ដើម្បីសម្រេចបានដោយភាពជោគជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា យោងតាមប្រកាសលេខ225/22របស់អគារធិការដ្ឋានពុទ្ធិកសិក្សាជាតិសម្រាប់ឆ្នាំសិក្សា ២០២៣ –២០២៤ គឺសំដៅការសិក្សារបស់ សមណៈសិស្សនៅតាមបណ្ដាវត្តឲ្យប្រព្រឹត្តទៅប្រកបដោយគុណភាពមានចំណេះដឹងយ៉ាងពិតប្រាកដ ដើម្បីបានក្លាយជាធនធានមនុស្សសម្រាប់បម្រើប្រទេសជាតិ និងគ្រួសារដូចពាក្យបុរាណលោកពោលថា ចេញមកពីរៀនមានមកពីរក ។
លោក បៀវ ថាន បានបន្តថា ការចុះធ្វើអធិការកិច្ច ក្នុងឱកាសនេះយើងសង្កេតឃើញថា សមណៈសិស្សកំពុងសិក្សារៀនសូត្រ មានចាប់ពីថ្នាក់មត្តេយ្យទី១ ទី២ និងទី៣ ដល់ទី៦ ។ បើសិនមិនបានរៀនសូត្រនោះទេ ពេលដែលលាចាកសិក្ខាបទ បុគ្គលនោះនឹងក្លាយជាបុគ្គលល្ងង់ខ្លៅជាពុំខាន នេះគឺជារឿងពិត។
ព្រះឧត្តមសីល ញ្ញាណ សុធា ព្រះមេគណខេត្ត បានមានសាលដីកាផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ត្រូវបន្តដើរតួនាទីបុគ្គលនាំមុខគេឪពុកម្ដាយទីពីរ ជាមគ្គុទ្ទេស ជាទីប្រឹក្សានិងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងផ្នែកចំណេះដឹងទាំងវិធីសាស្ត្របង្រៀន មកបង្ហាត់បង្រៀនដល់សាមណៈសិស្សឲ្យមានចំណេះដឹងទូលំទូលាយ ដើម្បីក្លាយខ្លួនជាអ្នកបន្តវេន មានសក្ដានុពលនាពេលអនាគត។ សូម សិស្សទាំងអស់បន្តខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមយ៉ាងសកម្មនិងការកសាងអំពើល្អក្នុងសង្គម និងវៀរចាកនូវអំពើអបាយមុខផ្សេងៗ៕