បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើលួច ជាច្រើនករណី
(ភ្នំពេញ)៖កម្លាំងនគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ពាក់ព័ន្ធបទល្មើសអំពើលួច ជាច្រើនករណី នៅភ្នំពេញនិងបណ្ដាលខេត្ត។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
ទី១ ឈ្មោះ ត្រឹម ធឿន ហៅឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ ។សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជាប់ពន្ធនាគារម១ រយៈពេល ០១ខែ ត្រូវបានដោះលែងវិញ ហើយបន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។
ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ។
និងទី៣ ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ខាងលើ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈនេះពាក់ព័ន្ធអំពើលួចជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្ត។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៣នាក់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស អំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន ២០ ករណី បាត់បង់ម៉ូតូសរុប ចំនួន ៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង ក្នុងនោះមាន នៅរាជធានីភ្នំពេញចំនួន ០៥ ករណី(ម៉ូតូចំនួន ២៥គ្រឿង) នៅខេត្តកំពត ចំនួន ៥ ករណី (ម៉ូតូចំនួន ៦គ្រឿង រថយន្តចំនួន ០២គ្រឿង) នៅខេត្តកំពង់ស្ពឺ ចំនួន ០៦ករណី (ម៉ូតូចំនួន ០៧គ្រឿង) និងនៅខេត្តតាកែវ ចំនួន ០៤ករណី (ម៉ូតូចំនួន ០៦គ្រឿង)។
នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងម៉ូតូបានចំនួន១៤គ្រឿង រថយន្តចំនួន១គ្រឿង និងសម្ភារះសម្រាប់កាច់សោរកុងតាក់មួយចំនួនផងដែរ៕