ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត បង្ហាញពីមោទនៈភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយធ្វើការវាយជួង ទូងស្គរ នៅក្នុងបរិវេណវត្តរតនារាម ផ្សារកណ្តាល
ខេត្តបន្ទាយមានជ័យ៖នាវេលាម៉ោង៧ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ាន ហូរ ប្រធានក្រុមប្រឹក្សាក្រុង រួមនឹងមន្ត្រីរាជការជុំវិញសាលាក្រុង កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិក្សាមនុស្សសិស្ស បានបង្ហាញពីមោទនៈភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដោយធ្វើការវាយជួង ទូងស្គរ នៅក្នុងបរិវេណវត្តរតនារាម ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះដែរលោកអភិបាលក្រុង បានមានប្រសាសន៍សម្ដែងនូវសោមនស្សរីករាយជាអាណែកប្បការ ក្នុងឱកាសដ៏មហិដ្ឋារិទ្ធ ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូនីស្កូ ដែលបានសម្រេចជាឯកច្ឆន្ទ ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តីសម្រេច លេខ45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី 45 នៅឯទីក្រុងរីយ៉ាដ(Riyadh)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកអភិបាលក្រុង បានបន្តថា ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទនភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា ដែលកេរមរតកវប្បធម៌អតីតរាជ្យធានីខ្មែរបូរាណ ឆោកគគ៌រ្យ ឬលិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០(៩២៨–៩៤៤)ដោយជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដល់មហាអស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលិចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោកអភិបាលក្រុង បានធ្វើការណែនាំដល់គ្រប់វត្តអារាម សាលារៀន ស្ថាប័នរដ្ឋ–ឯកជន កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតទាំងអស់ រួមគ្នាធ្វើការវាយជួង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅវេលាម៉ោង ៧:០០ ព្រឹក ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ។
ជាងនេះទៅទៀតលោក គាត ហ៊ុល អភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្ដាញសារព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទនភាពជាតិដ៏មានសារៈសំខាន់នេះ ឲ្យបានទូលំទូលាយ និងអធិកអធម្មផងដែរ៕