មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ និងព្រះសង្ឃក្នុងវត្តគិរីជុំចំការខ្នុរ វាយជួង ទូងស្គរ ដើម្បីអបអរសាទរប្រាសាទកោះកេរ ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ខេត្តបន្ទាយមានជ័យ៖ ដើម្បីអបអរសាទរប្រាសាទកោះកេរ របស់ខ្មែរយើងទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សមណៈញ្ញាណ ណាប់ ម៉ីន ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការវត្ត គិរីជុំចំការខ្នុរ លោក ខៀវ សុនិមលន៍ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំពិធី វាយជួង ទូងស្គរ នៅក្នុងបរិវេណវត្ត គិរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
យោងលិខិតលេខ ២៥ សលខ ចុះថ្ងៃទី១៧ ខែកញ្ញាឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូនីស្កូ បានសម្រេចជាឯកច្ឆន្ទចុះ“រមណីយដ្ឋានប្រាសាទកោះកេរ“ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដីសម្រេច ៤៥ COM ៨B.៨ នៅក្នុងសម័យប្រជុំលើកទី ៤៥របស់ខ្លួននៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
កាវាយកង ទូងស្គរនាឱកាសនេះ គឺជាព្រឹត្តិការណ៍ថ្មី គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨–៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបាន ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដឹ មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្នុងនាមព្រះសង្ឃទូទាំងខេត្តបន្ទាយមានជ័យ ព្រះសមណៈញ្ញាណ ណាប់ ម៉ីន ព្រះបាឡាត់គណខេត្ត មានទឹកព្រះទ័យសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ជាអនេកប្បការ ក្នុងឱកាសដ៏មហសនក្ខត្តឫក្ស ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិខ្មែរយើង ហ្នឹងប្រជាពលរដ្ឋកម្ពុជាទូទាំងមូល ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ“រមណីយដ្ឋានប្រាសាទកោះកេរ“ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕