រថយន្តធុនធំប្រភេទសណ្តោង បើកក្នុងល្បឿនយ៉ាងលឿន សង្ស័យបែកកង់មុខ រ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូ បណ្តាលម្តាយស្លាប់នៅហ្នឹងកន្លែង កូនប្រុសរងរបួសធ្ងន់បែករលាក្បាល នៅសាលាក្រហមស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ពិតជាសង្វែកខ្លាំងណាស់ ជិះម៉ូតូសុខៗពីរនាក់ម្ដាយនិងកូនធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពោលគឺពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចការ៉ាស់សាំងតេលា សាលាក្រហមស្រុកអូរជ្រៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានរថយន្តធុនធំប្រភេទសណ្ដោងបើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីរខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត សង្ស័យបែកកង់មុខ បណ្ដាលឲ្យរ៉េចង្កូតបុកម៉ូតូដែលកំពុងជិះពីរនាក់ម្ដាយនិងកូន បណ្តាលឲ្យម្ដាយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកកូនប្រុសអាយុ៩ឆ្នាំ របួសធ្ងន់បែករលាកក្បាល នៅសល់តែដង្ហើមចង្រិតតែប៉ុណ្ណោះ ម្ចាស់រថយន្តបង្កក្រោយពីកើតហេតុបានដាក់មេប្រូចបាត់ស្រមោលនារសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅ ដែលបានចុះធ្វើការសម្របសម្រួលចរាចរណ៍និងវាស់វែងបានឲ្យដឹងថា ស្ត្រីដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1Z.6300 បានឌុបកូនប្រុស និងវ៉ាលីមួយ ខោ អាវ និងកាបូបតូចមួយមានលុយថៃពេញកាបូបមិនទាន់ដឹងចំនួនពិតប្រាកដ និងខ្សែករមាស២ខ្សែ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ចំណែកម្ចាស់រថយន្តធុនធំប្រភេទហ៊ីយិនដាយ សណ្តោងរម៉ក ពាក់ស្លាកលេខ AT22 . 3-2019 ក្រោយពីបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីកើតហេតុមធ្យោបាយធ្វើដំណើរដែលបង្កហេតុ ត្រូវបានមន្ត្រីនគរបាល យកទៅរក្សាទុករងចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធីច្បាប់ ។ដោយឡែកថវិកា និងសម្ភារៈផ្សេងៗទៀត រួមជាមួយនិងសាកសព រងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕